ប្រទេសវៀតណាមបានចាប់ផ្ដើមផលិតវ៉ាក់សាំង Sputnik V របស់ប្រទេសរុស្ស៊ី សម្រាប់ដាក់បញ្ចូលក្នុងកម្មវិធីវ៉ាក់សាំងបង្ការជាតិរបស់ខ្លួន
- BY
- autoadmin
- September 25, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VnExpress បានរាយការណ៍ថា កាលពីថ្ងៃសុក្រម្សិលមិញនេះ ក្រុមហ៊ុនឱសថវៀតណាម Vabiotech បានចាប់ផ្តើមផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ប្រទេសរុស្ស៊ី Sputnik V ដោយប្រើសម្ភារៈពាក់កណ្តាលសម្រេច ដែលត្រូវបានដឹកជញ្ជូនមកពីប្រទេសរុស្ស៊ី។ ក្រុមហ៊ុន Vabiotech រំពឹងថា ខ្លួននឹងផលិតវ៉ាក់សាំងឱ្យបាន ៥ លានដូស ក្នុងមួយខែ រហូតដល់ ១០០ លានដូស ក្នុងមួយឆ្នាំ នាពេលអនាគតដ៏ខ្លីខាងមុខនេះ ហើយខ្លួនក៏បានសាងសង់រោងចក្រមួយ សម្រាប់ការផ្ទេរបច្ចេកវិទ្យាផលិតកម្មពេញលេញរបស់វ៉ាក់សាំង Sputnik V ផងដែរ។

ក្រុមហ៊ុនបាននិយាយកាលពីខែកក្កដាថា ខ្លួនបានផលិត Sputnik V ដំបូងបង្អស់ដោយជោគជ័យប្រហែល ៣០,០០០ ដូស និងបានបញ្ជូនវាមួយចំនួនទៅវិទ្យាស្ថាន Gameleya របស់ប្រទេសរុស្ស៊ី សម្រាប់ការផ្ទៀងផ្ទាត់គុណភាព។ ក្រោយមកនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ វិទ្យាស្ថាន Gameleya បានបញ្ជាក់ថា វ៉ាក់សាំង Sputnik V ដែលផលិតនៅប្រទេសវៀតណាម បានបំពេញតាមស្តង់ដារគុណភាពត្រឹមត្រូវ។
ជម្រាបផងដែរថា វ៉ាក់សាំង Sputnik V ត្រូវបានបង្កើតឡើងដោយផ្អែកលើភ្នាក់ងារចម្លង adenovirus ដែលពាក់ព័ន្ធនឹងការបញ្ចូលហ្សែន nCoV ទៅក្នុងវីរុស adenovirus អសកម្ម ដើម្បីជំរុញការឆ្លើយតបរបស់កោសិកាភាពស៊ាំ។ វ៉ាក់សាំងនេះត្រូវការការរក្សាទុកនៅសីតុណ្ហភាព ២-៨ អង្សាសេ ហើយគម្លាតពីដូសទី១ និងទី២ មានរយៈពេលប្រហែល ៣ សប្ដាហ៍។ វ៉ាក់សាំងនេះមានប្រសិទ្ធភាពប្រឆាំងនឹងជំងឺ COVID-19 បាន ៩១.៦% បន្ទាប់ពីបានចាក់ដូសទី១ និង ៩១.៨% បន្ទាប់ពីដូសទី២ សម្រាប់អ្នកដែលមានអាយុលើសពី ៦០ឆ្នាំ ៕

អត្ថបទ៖ លីដា
ប្រភព៖ VNExpress
- Share This Post:






