អន្តរជាតិ

ប្រទេសចិនបានដោះលែងជនជាតិកាណាដា ២នាក់ ឱ្យត្រឡប់ទៅស្រុកកំណើតវិញ បន្ទាប់ពីប្រទេសកាណាដាបានដោះលែងលោកស្រី Meng Wanzhou

BY
autoadmin
September 25, 2021

នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau បានប្រកាសថា ជនជាតិកាណាដាចំនួន ២នាក់ ដែលត្រូវបានប្រទេសចិនចាប់ឃុំខ្លួន ពេលនេះត្រូវបានប្រទេសចិនដោះលែងវិញ ហើយពួកគេក៏កំពុងហោះហើរវិលត្រឡប់មកកាន់ប្រទេសកាណាដាវិញផងដែរ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ អ្នកទាំង ២នាក់ គឺលោក Michael Spavor និង Michael Kovrig ដែលត្រូវបានចោទប្រកាន់ពីបទចារកម្មនៅអំឡុងឆ្នាំ២០១៨ ភ្លាមៗបន្ទាប់ពីប៉ូលីសកាណាដា បានចាប់ខ្លួននាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei គឺលោកស្រី Meng Wanzhou ។

វាហាក់ដូចជាការដោះដូរគ្នាទាំងសងខាង​ ខណៈលោកស្រី Meng Wanzhou ក៏ទើបតែបានចាកចេញពីប្រទេសកាណាដាកាលពីថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) បន្ទាប់ពីមានកិច្ចព្រមព្រៀងជាមួយព្រះរាជអាជ្ញាអាមេរិក។ ក្រុមអ្នករិះគន់បានចោទប្រទេសចិនថា បានឃុំខ្លួនជនជាតិកាណាដាជាការសងសឹកចំពោះការចាប់ខ្លួនលោកស្រី Meng Wanzhou ដើម្បីប្រើជាបន្ទះឈីបចរចានយោបាយ ខណៈដែលក្រុងប៉េកាំងបានបដិសេធយ៉ាងខ្លាំងចំពោះរឿងនេះ។ នាយករដ្ឋមន្រ្តីលោក Justin Trudeau បានបញ្ជាក់ថា អ្នកទាំង ២ នឹងមកដល់ប្រទេសកាណាដា នៅព្រឹកថ្ងៃសៅរ៍ ម៉ោងក្នុងប្រទេសរបស់ពួកគេ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: