អន្តរជាតិ

ប្រទេសជប៉ុនគ្រោងនឹងដកស្ថានភាពគ្រាអាសន្នរបស់ខ្លួននៅចុងខែនេះ ដោយសារករណីឆ្លងជំងឺកូវីដ១៩ បានថយចុះជាបន្ដបន្ទាប់

BY
autoadmin
September 27, 2021

រដ្ឋាភិបាលជប៉ុនបានត្រៀមខ្លួនរួចជាស្រេច នៅក្នុងការដកចេញនូវស្ថានភាពគ្រាអាសន្នរបស់ខ្លួន សម្រាប់ខេត្តមួយចំនួននៅចុងខែកញ្ញានេះ ដោយសារការឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃបានធ្លាក់ចុះជាបន្ដបន្ទាប់។ ជាក់ស្ដែងទីក្រុងតូក្យូ បានរាយការណ៍ពីករណីថ្មីចំនួន ២៩៩ ករណី កាលពីថ្ងៃអាទិត្យ ដែលជាការឆ្លងក្រោម ១,០០០ ករណី ក្នុងរយៈពេល ១១ ថ្ងៃជាប់ៗគ្នាមកនេះ ហើយនៅទូទាំងប្រទេសមានករណីសរុបចំនួន ២,១០០ ករណី កាលពីថ្ងៃអាទិត្យ។ គួរឱ្យដឹងដែរថា ស្ថានភាពអាសន្នបច្ចុប្បន្នរបស់ប្រទេសជប៉ុន ត្រូវបានដាក់សម្រាប់ទីក្រុងតូក្យូ និងខេត្តចំនួន ១៨ ផ្សេងទៀត។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល Tamura Norihisa មានប្រសាសន៍ថា ស្ថានភាពនៃការឆ្លងជំងឺ COVID-19 បានឈានដល់ដំណាក់កាលមួយ ដែលពួកគេអាចនឹងបន្ធូរបន្ថយការរឹតត្បឹតបន្តិចម្តងៗ។ លោកបាននិយាយថា៖ «វានៅតែមានហានិភ័យនៃការឆ្លងមេរោគ សូម្បីតែមនុស្សមួយចំនួនធំបានចាក់វ៉ាក់សាំងការពារក៏ដោយ ប៉ុន្តែយើងត្រូវការបន្ធូរបន្ថយការរឹតបន្តឹងលើសកម្មភាពប្រចាំថ្ងៃ»។ នាយករដ្ឋមន្រ្តី Suga Yoshihide ត្រូវបានគេរំពឹងថា នឹងធ្វើការសម្រេចចិត្តអំពីការដកស្ថានភាពគ្រាអាសន្ននៅព្រឹកថ្ងៃអង្គារស្អែកនេះ បន្ទាប់ពីពិគ្រោះយោបល់ជាមួយអ្នកជំនាញរួចរាល់៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: