អ្នកអភិវឌ្ឍវ៉ាក់សាំង ChulaCov19 កំពុងជំរុញឱ្យ រដ្ឋបាលចំណីអាហារនិងឱសថថៃ អនុម័តលើការប្រើប្រាស់វ៉ាក់សាំងនេះក្នុងស្ថានភាពបន្ទាន់ នៅមុនពេលពលរដ្ឋថៃទទួលការចាក់វ៉ាក់សាំងពេញលេញដែលទិញពីបរទេស
- BY
- autoadmin
- September 30, 2021
អ្នកអភិវឌ្ឍវ៉ាក់សាំង ChulaCov19 ដែលជាវ៉ាក់សាំងបង្ការជំងឺ COVID-19 មានមូលដ្ឋានលើ mRNA ដំបូងបំផុតរបស់ប្រទេសថៃ កំពុងជំរុញឱ្យរដ្ឋបាលចំណីអាហារនិងឱសថ (FDA) អនុម័តវ៉ាក់សាំងនេះសម្រាប់ការប្រើប្រាស់ជាបន្ទាន់ ដំណាលគ្នានៅពេលដែលប្រទេសថៃនឹងចាប់ផ្ដើមការចាក់វ៉ាក់សាំងដូសទី៣ ដល់ពលរដ្ឋរបស់ខ្លួន។ ពោលគឺអ្នកអភិវឌ្ឍវ៉ាក់សាំង ChulaCov19 ចង់ពឹងផ្អែកខ្លួនឯងនៅក្នុងការផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 ហើយរដ្ឋាភិបាលប្រទេសនេះក៏បានត្រៀមថវិកាចំនួន ១ ពាន់លានបាត ដល់អ្នកអភិវឌ្ឍវ៉ាក់សាំងនៅក្នុងកិច្ចការនេះផងដែរ។

វ៉ាក់សាំង ChulaCov19 ដែលមានមូលដ្ឋានលើបច្ចេកទេស mRNA ត្រូវបានបង្កើតឡើងនៅឯសាកលវិទ្យាល័យជូឡាឡុងកន ក្រោមការដឹកនាំរបស់លោកវេជ្ជបណ្ឌិត Kiat Ruxrungtham និងក្រុមស្រាវជ្រាវរបស់គាត់។ ប៉ុន្តែលោក Kiat Ruxrungtham បានព្រួយបារម្ភថា ទម្រាំតែវ៉ាក់សាំងនេះអាចទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ពី FDA, ពលរដ្ឋថៃប្រមាណជា ៧០% ទំនងនឹងទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញទៅហើយ។
ដូច្នេះលោកបានជំរុញឱ្យ FDA ពិនិត្យមើលវ៉ាក់សាំង ChulaCov19 ឱ្យបានឆាប់តាមដែលអាចធ្វើបាន ដើម្បីអាចឱ្យវ៉ាក់សាំងនេះទទួលបានការអនុញ្ញាត ក្នុងពេលដំណាលគ្នាដែលប្រទេសថៃកំពុងបង្កើនការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ។ ជាមួយគ្នានេះដែរ វ៉ាក់សាំង ChulaCov19 ក៏កំពុងស្ថិតក្នុងដំណាក់កាលសាកល្បងទី២ ដូច្នេះវាជារឿងសំខាន់មួយក្នុងការជំរុញឱ្យវ៉ាក់សាំងក្នុងស្រុក ChulaCov19 ឆាប់ទទួលបានការអនុញ្ញាតការប្រើប្រាស់ជាបន្ទាន់ពី FDA របស់ប្រទេសថៃ៕

អត្ថបទ៖ លីដា
ប្រភព៖ The Thaiger
- Share This Post:






