ក្រុមហ៊ុនឱសថរបស់សហរដ្ឋអាមេរិក កំពុងបង្កើតថ្នាំគ្រាប់សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ដែលមានប្រសិទ្ធភាពប្រឆាំងនឹងជំងឺបានរហូតដល់…
- BY
- autoadmin
- October 2, 2021
ក្រុមហ៊ុនឱសថអាមេរិក Merck តាមរយៈការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានប្រកាសថា ខ្លួនបានបង្កើតថ្នាំប្រឆាំងវីរុសកូរ៉ូណាមួយឈ្មោះថា Molnupiravir ដែលអាចឱ្យអ្នកឆ្លង ឬអ្នកចេញរោគសញ្ញាជំងឺ COVID-19 លេបវាបានដោយផ្ទាល់ ជាមួយនឹងការកាត់បន្ថយហានិភ័យធ្ងន់ធ្ងរ ឬការស្លាប់ចំពោះអ្នកជំងឺមួយចំនួនរហូតដល់ ៥០%។ ពួកគេនិយាយថា វាមានប្រសិទ្ធភាពប្រឆាំងនឹងមេរោគបំប្លែងថ្មីទាំងអស់ រួមទាំង Delta ដែលជាមេរោគបំប្លែងថ្មីមានការឆ្លងឆាប់រហ័ស និងមានហានិភ័យខ្ពស់ផងដែរ។ ពោលគឺថ្នាំគ្រាប់ Molnupiravir នឹងមានប្រសិទ្ធភាពខ្ពស់ នៅពេលដែលអ្នកជំងឺ COVID-19 ឆាប់បានប្រើប្រាស់វាភ្លាមៗ។

អ្នកស្រាវជ្រាវរបស់ Merck បានធ្វើតេស្តសាកស្បងលើអ្នកជំងឺ COVID-19 ប្រមាណជាជិត ៧៦០ នាក់ ដែលមានរោគសញ្ញាចាប់ពីស្រាលទៅមធ្យម ឬយ៉ាងហោចណាមានកត្តា ១ ដែលជំរុញឱ្យពួកគេអាចមានហានិភ័យទៅជាឈឺធ្ងន់ធ្ងរ។ ក្នុងនោះមានតែ ៧% នៃអ្នកដែលបានលេបថ្នាំនោះ ត្រូវការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈអ្នកជំងឺទាំងអស់នោះមិនមានហានិភ័យស្លាប់នោះទេ។ ប៉ុន្តែ ១៤% នៃអ្នកជំងឺដែលប្រើថ្នាំ placebo ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ឬស្លាប់។
នាយកប្រតិបត្តិក្រុមហ៊ុន Merck លោក Rob Davis បាននិយាយថាថ្នាំ Molnupiravir មានសារៈសំខាន់ណាស់ ព្រោះវាជាថ្នាំប្រឆាំងនឹងមេរោគ ដែលអ្នកអាចរកទិញបានយកទៅលេបនៅផ្ទះដោយខ្លួនឯង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ។ មន្រ្តីក្រុមហ៊ុននិយាយថា ពួកគេនឹងស្នើសុំឱ្យនិយតករឱសថផ្តល់ការអនុញ្ញាត «សម្រាប់ការប្រើប្រាស់បន្ទាន់» លើថ្នាំគ្រាប់នេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ចំណែកក្រុមហ៊ុនផលិតឱសថដូចជា Pfizer និង Roche Holding ក៏កំពុងប្រជែងគ្នា ដើម្បីបង្កើតថ្នាំគ្រាប់ព្យាបាលផ្ទាល់ខ្លួនផងដែរ៕

- Share This Post:






