អន្តរជាតិ

ប្រទេសកូរ៉េខាងជើងនឹងស្តារឡើងវិញនូវបណ្តាញទំនាក់ទំនងរបស់ខ្លួន ជាមួយនឹងកូរ៉េខាងត្បូងនៅថ្ងៃនេះ

BY
autoadmin
October 4, 2021

ទីភ្នាក់ងារសារព័ត៌មានកូរ៉េកណ្ដាល (KCNA) បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងនឹងដំណើរការឡើងវិញនូវបណ្តាញទំនាក់ទំនងទាំងអស់របស់ខ្លួនជាមួយកូរ៉េខាងត្បូង ចាប់ពីម៉ោង ៩ ព្រឹក នៅថ្ងៃច័ន្ទ ទី០៤ ខែតុលា ឆ្នាំ២០២១ ដោយបានបន្ថែមថា ទីក្រុងព្យុងយ៉ាងជម្រុញឱ្យកូរ៉េខាងត្បូងខិតខំប្រឹងប្រែងជាវិជ្ជមាន ដើម្បីដាក់ទំនាក់ទំនងអន្តរកូរ៉េឱ្យត្រឡប់មករកផ្លូវដើមវិញ និងដោះស្រាយបញ្ហាសំខាន់ៗ សម្រាប់អនាគតដ៏ភ្លឺស្វាងរវាងប្រទេសទាំង ២ ។

រំលឹកផងដែរថា បណ្តាញទំនាក់ទំនងឆ្លងកាត់ព្រំដែនត្រូវបានកាត់ផ្តាច់ចាប់តាំងពីខែសីហា នៅពេលដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធយោធារួមគ្នា។

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយកាលពីសប្តាហ៍មុនថា លោកមានឆន្ទៈក្នុងការបើកបណ្តាញទំនាក់ទំនងឡើងវិញ ជាមួយទីក្រុងសេអ៊ូលនៅដើមខែតុលា ក្នុងគោលបំណងបង្កើតសន្តិភាពនៅលើឧបទ្វីបនេះ។ ប៉ុន្តែកូរ៉េខាងជើងផ្ទាល់ បានបាញ់មីស៊ីលកាលពីខែកញ្ញា ហើយអ្នកសង្កេតការណ៍និយាយថា វានៅតែមិនច្បាស់ថា តើការស្តារឡើងវិញនូវខ្សែទូរស័ព្ទ (hotlines) នឹងជួយកែលម្អទំនាក់ទំនងជាមួយកូរ៉េខាងត្បូងដែរ ឬទេ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: