អន្តរជាតិ

សហរដ្ឋអាមេរិកនឹងចាប់ផ្ដើមបើកទទួលអ្នកដំណើរបរទេស ដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទទួលស្គាល់ដោយ WHO ចាប់ពីខែវិច្ឆិកាខាងមុខនេះ

BY
autoadmin
October 9, 2021

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) បាននិយាយថា សហរដ្ឋអាមេរិកនឹងបើកទ្វារទទួលអ្នកទស្សនាអន្ដរជាតិ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ ដែលអនុញ្ញាតដោយនិយតករអាមេរិក ឬអង្គការសុខភាពពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ រំលឹកឡើងវិញដែរថា កាលពីថ្ងៃទី២០ ខែកញ្ញា កន្លងទៅថ្មីៗនេះ សហរដ្ឋអាមេរិកបាននិយាយថា ខ្លួននឹងដកការរឹតបន្តឹងលើអ្នកដំណើរតាមយន្តហោះចាប់ពីខែវិច្ឆិកា ដែលមកពី ៣៣ ប្រទេសរួមមាន៖ ចិន ឥណ្ឌា ប្រេស៊ីល និងប្រទេសនៅអឺរ៉ុបភាគច្រើន ប៉ុន្តែកាលនោះខ្លួនមិនបានបញ្ជាក់ថា តើវ៉ាក់សាំងប្រភេទណានឹងត្រូវបានអនុញ្ញាតនោះទេ។

អ្នកនាំពាក្យ CDC បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃសុក្រនេះថា៖«វ៉ាក់សាំងចំនួន ៦ ដែលត្រូវបានអនុញ្ញាតដោយ FDA អនុញ្ញាត ឬ អនុម័ត និង ចុះបញ្ជីសម្រាប់ការប្រើប្រាស់ក្នុងគ្រាអាសន្ន ដោយអង្គការសុខភាពពិភពលោក នឹងអាចបំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់ការធ្វើដំណើរទៅសហរដ្ឋអាមេរិកបាន»។ CDC ក៏បាននិយាយដែរថា៖ «ដើម្បីជួយពួកគេក្នុងការរៀបចំប្រព័ន្ធ យើងបានជូនដំណឹងដល់ក្រុមហ៊ុនអាកាសចរណ៍នៅដើមសប្តាហ៍នេះ» អំពីវ៉ាក់សាំងដែលនឹងត្រូវទទួលការអនុញ្ញាតឱ្យចូលមកបាន។ CDC បានបន្ថែមថា ខ្លួននឹងចេញសេចក្តីណែនាំ និងព័ត៌មានបន្ថែមទៀត នៅពេលដែលតម្រូវការធ្វើដំណើរត្រូវសម្រេចរួច៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: