អន្តរជាតិ

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បាននិយាយថា ការបង្រួបបង្រួមជាតិរវាងប្រទេសចិន និងកោះតៃវ៉ាន់ គឺត្រូវតែបំពេញឱ្យបានជាដាច់ខាត

BY
autoadmin
October 9, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ប្រធានាធិបតីចិនគឺលោក ស៊ី ជីនពីង បាននិយាយថា «ការបង្រួបបង្រួមជាតិ» ជាមួយកោះតៃវ៉ាន់គឺត្រូវតែបំពេញឱ្យបាន ខណៈដែលភាពតានតឹងរវាងទឹកដីទាំង ២ កាន់តែអាក្រក់ឡើងៗ។ លោក ស៊ី បាននិយាយថា ការបង្រួបបង្រួមគួរតែសម្រេចបានដោយសន្តិវិធី ប៉ុន្តែបានព្រមានថា ប្រជាជនចិនមានប្រពៃណីរុងរឿង នៅក្នុងការប្រឆាំងលើការផ្តាច់ខ្លួនណាមួយ។ ការលើកឡើងរបស់លោក ស៊ី គឺជាការឆ្លើយតបទៅកាន់កោះតៃវ៉ាន់ ដែលបាននិយាយថា អនាគតរបស់ពួកគេគឺស្ថិតនៅក្នុងដៃរបស់ប្រជាជនរបស់ពួកគេ។

គួរឱ្យដឹងដែរថា កោះតៃវ៉ាន់បានចាត់ទុកខ្លួនថាជារដ្ឋអធិបតេយ្យ ខណៈប្រទេសចិនបានចាត់ទុកតៃវ៉ាន់ថា គ្រាន់តែជាខេត្តដែលបែកបាក់ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយទីក្រុងប៉េកាំងមិនបានលើកឡើងថា នឹងមានការប្រើប្រាស់កម្លាំង ដើម្បីសម្រេចបាននូវការបង្រួបបង្រួមនេះឡើយ។

ការប្រកាសរបស់លោក ស៊ី ជីនពីង បានកើតឡើង បន្ទាប់ពីប្រទេសចិនបានបញ្ជូនយន្តហោះយោធាជាច្រើនគ្រឿង ចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់កោះតៃវ៉ាន់ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ហើយអ្នកវិភាគខ្លះនិយាយថា វាដូចជាការព្រមានដល់ប្រធានាធិបតីរបស់កោះតៃវ៉ាន់គឺលោកស្រី Tsai Ing-wen នៅមុនថ្ងៃបុណ្យជាតិនៅថ្ងៃអាទិត្យនេះ។ ចំណែកឯរដ្ឋមន្ត្រីការពារជាតិរបស់តៃវ៉ាន់ក៏បាននិយាយដែរថា ភាពតានតឹងរវាងប្រទេសចិន និងតៃវ៉ាន់ បានឈានដល់ចំណុចអាក្រក់បំផុត នៅក្នុងរយៈពេល ៤០ ឆ្នាំចុងក្រោយនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: