អន្តរជាតិ

ការស្ទង់មតិរបស់ប្រទេសជប៉ុនបង្ហាញថា អ្នកជំងឺ ១នាក់ ក្នុងចំណោម ៤នាក់ ដែលធ្លាប់ឆ្លងជំងឺ COVID-19 នឹងនៅតែមានរោគសញ្ញារយៈពេលវែងមួយចំនួនជាប់ខ្លួនរបស់ពួកគេ

BY
autoadmin
October 11, 2021

យោងតាមការស្ទង់មតិមួយរបស់ប្រទេសជប៉ុនបានបង្ហាញថា អ្នកជំងឺ ១នាក់ ក្នុងចំណោម ៤នាក់ ដែលធ្លាប់ឆ្លងជំងឺ COVID-19 អាចនឹងមានរោគសញ្ញាជាប់ខ្លួនរយៈពេលវែង ចាប់តាំងពីបានឆ្លងជំងឺ ឬបានជាពីជំងឺ COVID-19 ។ វាជាលទ្ធផលរួមគ្នាដោយមជ្ឈមណ្ឌលជាតិសម្រាប់សុខភាព និងវេជ្ជសាស្ត្រសកល និងអ្នកស្រាវជ្រាវដទៃទៀត ដែលបានស្ទង់មតិពលរដ្ឋចំនួន ៤៥៧ នាក់ ដែលបានជាសះស្បើយពីជំងឺ COVID-19 ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២០ ហើយនៅក្នុងចំណោមពួកគេគឺមានអាយុចន្លោះពី ២០ ទៅ ៧០ឆ្នាំ។ អ្វីដែលសំខាន់គឺគេបានរកឃើញថា ស្ត្រីប្រឈមជាមួយបញ្ហារោគសញ្ញារយៈពេលវែងច្រើនជាងបុរស។

ការស្ទង់មតិបានបង្ហាញថា ២៦.៣% នៃពួកគេមានរោគសញ្ញាអស់កម្លាំង, ៧.៧% មានបញ្ហាជាមួយនឹងក្លិន, ៦.៦% មានអារម្មណ៍អស់កម្លាំង, ៣.៩% ដកដង្ហើមខ្លីៗ, ៣.៥% មានបញ្ហាដែលទាក់ទងនឹងរសជាតិ និង ៣.១% មានបញ្ហាជ្រុះសក់ បើទោះជាពួកគេបានជាសះស្បើយពីជំងឺ COVID-19 អស់រយៈពេល ៦ខែ ហើយក៏ដោយ។ ក្រោយ ១ឆ្នាំ បន្ទាប់ពីឆ្លងជំងឺ ឬបានជាសះស្បើយពីជំងឺ មានអ្នកជំងឺ ៨.៨% ក្នុងចំណោមពួកគេនៅតែមានចេញរោគសញ្ញាខ្លះៗ ដោយមាន ៣.១% អស់កម្លាំង, ១.៥% ពិបាកដកដង្ហើមខ្លីៗ, ១.១% មានបញ្ហាជាមួយក្លិន និងបញ្ហាទាក់ទងនឹងរសជាតិ និង ០.៤% មានបញ្ហាជ្រុះសក់។

ការស្ទង់មតិនេះក៏បានបង្ហាញផងដែរថា ស្ត្រីមានហានិភ័យ ១.៩ ដង ជាមួយបញ្ហាហាក្លិន, ១.៦ ដង ចំពោះបញ្ហារសជាតិ, ២ ដង ចំពោះភាពអស់កម្លាំង និង ៣ ដង សម្រាប់ការជ្រុះសក់ បើប្រៀបធៀបទៅអ្នកជំងឺ COVID-19 ជាបុរស។ ចំពោះមនុស្សវ័យក្មេងដែលមានទម្ងន់មិនគ្រប់គ្រាន់វិញ ពួកគេមានទំនោរបញ្ហាជាមួយក្លិន និងរសជាតិ បើទោះបីជាពួកគេឆ្លងជំងឺ COVID-19 កម្រិតស្រាលក៏ដោយ។ ឆ្លើយតបជាមួយនឹងបញ្ហានេះដែរ អ្នកស្រាវជ្រាវម្នាក់ឈ្មោះថា Morioka Shinichiro បាននិយាយថា មិនថាជាបុរស ឬស្ត្រីទេ ពួកគេគួរតែជៀសឱ្យបានពីការឆ្លងជំងឺ COVID-19 ហើយការចាក់វ៉ាក់សាំងបង្ការ COVID-19 គឺមានសារសំខាន់ ព្រោះថាក្នុងចំណោមពួកគេពុំមានបញ្ហារោគសញ្ញារយៈពេលវែងនោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: