ហួសចិត្ត! ក្រោយត្រូវប៉ូលីសសួរនាំ ស្ត្រីជាម្តាយនិយាយថាយកស្កុតរុំមាត់ ចងដៃ ចងជើង កូនស្រីពៅ គ្រាន់ជាការលេងសើចនៅមុខបងប្អូនតែប៉ុណ្ណោះ
កាលពីពេលថ្មីៗនេះមានការបែកធ្លាយនូវវីដេអូបង្ហាញសកម្មភាពស្ត្រីម្នាក់បាន យកស្កុតរុំមាត់ និងចងដៃ ចងជើងកូនស្រី ព្រោះតែកូនរពឹសនោះ ទើបនៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ម្សិលមិញនេះ ស្រ្តីខាងលើ ត្រូវបានសមត្ថកិច្ច នាំខ្លួនមកសួរនាំនៅប៉ុស្តិ៍គោកឃ្លាង ដោយអ្វីគួរឲ្យភ្ញាក់ផ្អើលនោះសកម្មភាពទាំងនោះបានកើតឡើងអស់រយៈពេលជាង៦ខែមកហើយ ។
យោងតាមការរៀបរាប់ស្រ្តីជាម្តាយ មានឈ្មោះ សុទ្ធ ធារី អាយុ២៨ឆ្នាំ បានរៀបរាប់ថា កាលពី៦ខែមុនកូនស្រីពៅគាត់មានអាយុ១ខួប ហើយជាក្មេងរពឹស ខណៈដែលក្រុមគ្រួសារនៅជួបជុំគ្នា គាត់ក៏បានយកស្កុតរុំមាត់លេងសើចជាមួយកូនស្រីពៅ ហើយនៅពេលនោះ ប្អូនប្រុសបង្កើតឈ្មោះ សុទ្ធ មុន្នី បានយកទូរស័ព្ទថតសកម្មភាពបែបលេងសើច ហើយមិនបានធ្វើការបង្ហោះនៅលើហ្វេសប៊ុកអ្វីដែល។ ប៉ុន្តែបានប្រមាណជាកន្លះខែក្រោយ ប្អូនប្រុសជាអ្នកថតវីដេអូ ជួបគ្រោះថ្នាក់ចរាចរណ៍ បាត់ទាំងរបស់របរ បាត់ទាំងទូរស័ព្ទថែមទៀតផង ទើបបណ្តាលឲ្យមានការបែកធ្លាយវីដេអូមួយនេះ។ ក្រោយពីបានការសាកសួរ ស្ត្រីជាម្តាយខាងលើបានអះអាងថាខ្លួនមិនមានចេតនាធ្វើបាបកូនស្រីរបស់ខ្លួននោះទេ ហើយក៏បានសុំទោសជាសាធារណៈនិងនៅមុខសមត្ថកិច្ចដោយមិនមានការដាក់ទោសទណ្ឌ ក្រោយពីអប់រំរួចក៏អនុញ្ញាតឲ្យស្ត្រីខាងលើត្រឡប់ទៅផ្ទះវិញ ៕






ប្រភព៖ ពត៌មាន ចែករំលែក