ខ្មែរយើងជួបបញ្ហាកំប្លោកនៅឆ្នេរសមុទ្រ ឯថៃវិញជួបបញ្ហាសំរាមរាប់សិបតោនរាយប៉ាយពេញឆ្នេរ ដោយសារតែមូលហេតុនេះ
ថៃ៖ កាលពីពេលកន្លងទៅថ្មីៗនេះ ឆ្នេរអូរឈើទាលនៅក្រុងព្រះសីហនុ បានរងការប៉ះពាល់យ៉ាងខ្លាំងពីដុំកំប្លោកជាច្រើន បង្កឲ្យបាត់បង់សោភ័ណភាពសមុទ្រដ៏ស្រស់ស្អាតរបស់យើង។ ទន្ទឹមនឹងនោះផងដែរ ឆ្នេរសមុទ្រដ៏ល្បីរបស់ថៃនាពេលបច្ចុប្បន្ននេះក៏ជួបបញ្ហាស្រដៀងគ្នានេះផងដែរ ដោយមានកំទេចសំរាមជាច្រើននៅតាមមាត់សមុទ្រ។ យោងតាមប្រភពព័ត៌មានបរទេសបានឲ្យដឹងថា ឆ្នេរសមុទ្រ Hua Hin របស់ថៃត្រូវបានគេរាយការណ៍ថា កំពុងតែមានការរំខានដោយសំរាមជាច្រើនតោន ដែលសំរាមទាំងនោះបោកបក់មកតាមខ្យល់។
បើយោងតាមលោក Jeerawat Phrammanee ជំនួយការអភិបាលខេត្តបានប្រាប់អ្នកសារព័ត៌មានថា កន្លងមកឆ្នេរសមុទ្រដ៏ស្រស់ ស្អាតមួយនេះមិនដែលមានសំរាមច្រើនដូចនេះទេ តែក្រោយពីមានភ្លៀង និងខ្យល់បោកបក់បន្តបន្ទាប់មក វាក៏នាំយកសំរាមទាំងនេះមកលើឆ្នេរតែម្តង។ មកទល់នឹងពេលនេះ គេបានជួលកម្មករចំនួន ៥០ នាក់ រួមជាមួយនឹងអ្នកស្ម័គ្រចិត្តជាច្រើនាក់ទៀត ដើម្បីដើរប្រមូលសំរាម និងសំអាតឆ្នេរ ដែលមានប្រវែងប្រមាណជា ១០ គីឡូម៉ែត្រ។ ជាមធ្យមគេអាចប្រមូលសំរាមបានទម្ងន់ ៣ តោន ហើយក្នុងថ្ងៃខ្លះដែលមានខ្យល់ខ្លាំងគេអាចប្រមូលបានរហូតដល់ ៥ តោន។ គេរំពឹងថាសំរាមទាំងអស់អាចនឹងមានទម្ងន់សរុបដល់ទៅ ១០០ តោន ទម្រាំតែបញ្ហានេះត្រូវបានបាត់ទៅវិញ។ សូមបញ្ជាក់ថា ឆ្នេរសមុទ្រ Hua Hin គឺជាឆ្នេរដ៏មានប្រជាប្រិយភាពមួយរបស់ថៃ ដែលអាចទាក់ទាញភ្ញៀវទេសចណ៍បានជាច្រើននាក់ក្នុងមួយថ្ងៃៗ៕




អត្ថបទ៖ ភក្តី
ប្រភព៖ bangkokpost