ញៀនលេងហ្គេមលើទូរស័ព្ទពេក រហូតធ្វើឲ្យភ្នែកក្មេងប្រុសម្នាក់មើលលែងសូវច្បាស់ដូចភ្នែកមនុស្សចាស់អាយុ៥០ឆ្នាំ
ចិន៖ អង្គការសុខភាពពិភពលោក (World Health Organization) ធ្លាប់ធ្វើការព្រមាណថា អ្នកដែលញៀននឹងហ្គេមតាម កុំព្យូទ័រ ឬទូរស័ព្ទដៃជ្រុលហួសហេតុពេកអាចប្រឈមនឹងមានគ្រោះថ្នាក់ខុសភាពយ៉ាងធ្ងន់ធ្ងរ។ តួយ៉ាងក្មេងប្រុសអាយុ ១៥ ឆ្នាំត្រូវបានគេរាយការណ៍ថា មានបញ្ហាភ្នែកម្ញ៉ូបខ្លាំង ដែលភ្នែករបស់គេមានសមត្ថភាពដូចភ្នែករបស់មនុស្ស ដែលមានអាយុ៥០ឆ្នាំអីចឹង។ បើយោងតាមសារព័ត៌មានអេឡិចត្រូនិច Worldofbuzz បានចុះផ្សាយថា ក្មេងប្រុសជាជនរងគ្រោះ និងមិនត្រូវបានគេបង្ហាញអត្តសញ្ញាណរូបនេះ រស់នៅក្នុងក្រុង Hsinchu កោះតៃវ៉ាន់ ហើយរូបគេមានទម្លាប់លេងហ្គេមតាមទូរស័ព្ទជាប្រចាំ ហើយសូម្បីតែពេលចូលបន្ទប់ទឹកក៏គេអាចឆ្លៀតលងហ្គេមនេះដែរ ពេលខ្លះគេបានចំណាយពេលច្រើនជាង ១០ ម៉ោងជាប់គ្នាដើម្បីលេងហ្គេម។
គ្រួសាររបស់គេបានព្យាយាមហាមឃាត់ និងកំណត់ពេលឲ្យគេលេងហ្គេមនេះដែរ ប៉ុន្តែគេនៅតែលួចលេងនេះទៀតពេលគេនៅម្នាក់ឯង។ អស់រយៈពេលជាច្រើនឆ្នាំភ្នែករបស់គេចាប់ផ្តើមមានបញ្ហា និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្នែក។ ក្រោយការពិនិត្យវេជ្ជបណ្ឌិតជំនាញប្រចាំនៅមន្ទីរពេទ្យឯកទេសភ្នែក បានឲ្យដឹងថា ភ្នែករបស់កុមាររងគ្រោះមានបញ្ហាធ្ងន់ធ្ងរដោយគេបានព្យាយាមសម្លឹងហ្គេមខ្លាំងពេក ហើយពេលនេះភ្នែករបស់ម៉្ញូបខ្លាំងណាស់គឺដូចជាភ្នែករបស់មនុស្សដែលមានអាយុ ៥០ ឆ្នាំ អីចឹង។ តាមរយៈបទពិសោធណ៍អាក្រក់នេះ សូមម្តាយឪពុកគ្រប់រូបប្រុងប្រយ័ត្នចំពោះកូនៗឲ្យបានខ្ពស់ដោយកំណត់ពេលវេលាសម្រាប់គេលេងហ្គេមឲ្យបានច្បាស់លាស់ ឬអាចឲ្យគេនៅឆ្ងាយពីហ្គេមតែម្តងគឺកាន់តែល្អ៕


អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz