ខឹងចិត្តសុំអំបិលចុចស្វាយហូបមិនបាន ទាញកាំបិតចាក់ធ្លាយពោះតែម្តង
ខេត្តកោះកុង-សមត្ថកិច្ចខេត្តកោះកុងអោយដឹងថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នៅវេលាម៉ោង ១១ និង០០ នាទី មានអំពើហិង្សា បង្ករបួសស្នាមមួយករណីបានកើតឡើងនៅត្រង់ចំណុចវត្តជោតញ្ញាណ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលករណីនេះបានបង្កឡើងដោយឈ្មោះ អឿ សុខជា ភេទប្រុស អាយុ១៤ឆ្នាំ ជាកូនសិស្សរបស់ព្រះសង្ឃវត្តជោតញ្ញាណ បានឈ្លោះគ្នា ជាមួយឈ្មោះ ពុត ធី ភេទ ប្រុស អាយុ ១៣ ឆ្នាំ ជាកូនសិស្សព្រះសង្ឃនៅវត្តជាមួយគ្នា។
បើតាមសមត្ថកិច្ចបញ្ជាក់ថា មូលហេតុដំបូងឈ្មោះ អឿ សុខជា មានស្វាយមួយផ្លែ ហើយទៅសុំអំបិល ឈ្មោះ ពុត ធី ហូប តែឈ្មោះ ពុត ធី មិនអោយ ហើយក៏ឌឺដងដាក់គ្នាទៅវិញទៅមក ក្រោយមកឈ្មោះ ពុត ធី ចេះតែដើរចូលទៅរកវ៉ៃឈ្មោះ អឿ សុខជា ពេលនោះឈ្មោះ អឿ សុខជា បានច្រានចេញ២-៣ដង តែឈ្មោះ ពុត ធី នៅតែដើរចូល ទើបឈ្មោះ អឿ សុខជា ឃើញកូនកាំបិតចិតផ្លែឈើ នៅមុខកុដ្ឋលោក ក៏យកមកចាក់ចំត្រង់ពោះឈ្មោះ ពុត ធី មួយកាំបិត បណ្តាលអោយធ្លាយពោះវៀនចេញមកក្រៅ។ បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃ ចំណែកជនសង្សយ័ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន កំពុងសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕


