ការសិក្សាបង្ហាញថា អ្នកមានស្នេហ៍ប្រឈមនឹងការឡើងទម្ងន់ខ្លាំងជាង អ្នកនៅ single
ការសិក្សាមួយ ដែលបានធ្វើឡើងដោយ University of North Carolina នៅអាមេរិក និងបានសិក្សាទៅលើគូស្នេហចំនួន ៨,០០០ នាក់ បានរកឃើញថា ស្រីដែលរៀបការរួចពី ៥-៦ ឆ្នាំ អាចឡើងទម្ងន់ ១០,៨ គីឡូក្រាម, ស្ត្រីដែលរស់នៅជាមួយនឹងគូស្នេហតែមិនទាន់រៀបការអាចឡើងទម្ងន់ ៩,៩ គីឡូក្រាម ខណៈមនុស្សស្រីដែលមានគូស្នេហ តែមិនរស់នៅជាមួយគ្នា និងមិនទាន់រៀបការអាចឡើងទម្ងន់ ៦ គីឡូក្រាម។ ការសិក្សានេះបានបង្ហាញថា ស្រ្តីនឹងឡើងទម្ងន់នៅពេលដែលនាងបានផ្លាស់ប្តូរពីជីវិតនៅលីវទៅជីវិតមានគូស្នេហ៍ ហើយទម្ងន់នេះទៀតសោធនឹងឡើងកាន់តែច្រើននៅពេលពួកនាងរស់នៅជាមួយនឹងគូស្នេហកាន់តែជិតស្និត និងកាន់តែយូរ។ ការសិក្សាក៏បានរកឃើញដែរថា បុរសដែលជាដៃគូរបស់ក្រុមមនុស្សស្រីដូចបានរៀបរាប់ខាងលើនេះក៏បានឡើងទម្ងន់ដែរគឺក្នុងរយៈពេល ២ ឆ្នាំ ពួកគេអាចឡើងទម្ងន់ ១១,៣ គីឡូក្រាម។
ការសិក្សាក៏បានរកឃើញទៀតថា គូស្នេហ៍ដែលទើបនឹងរៀបការរួចហើយពួកគេសប្បាយនឹងជីវិត ក្រោយពេលរៀបការក៏ប្រឈមនឹងការកើនទម្ងន់ខ្លាំងដែរ ខណៈដែលអ្នកនៅលីវ ឬអ្នកដែររៀបការរួចតែមិនសប្បាយនឹងជិវិតក្រោយពេលរៀបការមិនសូវឡើងទម្ងន់ទេ ព្រោះពួកគេមានបញ្ហាស្ត្រេសខ្លាំង។ មូលហេតុដែលធ្វើឲ្យមនុស្សមានគូស្នេហ៍រួចប្រឈមនឹងការឡើងទម្ងន់ខ្លាំង ព្រោះតែពួកគេលែងខ្វល់ពីរឿងថែរក្សារាង ដើម្បីផ្គាប់ចិត្តអ្នកណាម្នាក់ទៀត ហើយទំនាក់ទំនងដ៏រ៉ូមេនទិចរបស់ពួកគេនឹងជំរុញឲ្យពួកគេចង់ចេញក្រៅនឹងញ៉ាំអាហារច្រើន ហើយពួកគេនឹងញ៉ាំអាហារយ៉ាងច្រើនតាមចិត្តរបស់ពួកគេដោយលែងបារម្ភរឿងថែរក្សារាងទៀត៕

អត្ថបទ៖ ភក្តី
ប្រភព៖ brightside
