មួយថ្ងៃរញ្ជួយដីចំនួន០៤ដងវាយប្រហារតំបន់សមុទ្រនៅកាណាដា
វ៉ាសុីនតោន៖ គ្រោះរញ្ជួយដីបានធ្វើការវាយប្រហារយ៉ាងចាស់ដៃទៅលើតំបន់សមុទ្រភាគខាងលិច ប្រទេសកាណាដាដល់ទៅ ៤លើក កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដែលមានកម្រិតរញ្ជួយពី ៤.៩ ទៅ ៦.៨ រ៉ិចទ័រនេះបើយោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS បានរាយការណ៍។
ការរញ្ជួយលើកទីមួយមានកម្រិត ៦.៦រ៉ិចទ័រ នៅវេលាម៉ោង ១០និង៣៩នាទីយប់ ស្ថិតនៅភាគនិរតីនៃកំពង់ផែហាឌី និង ភាគពាយព្យនៃទីក្រុងស៊ីថល។ ការរញ្ជួយលើកទីពីរមានកម្រិត ៦.៨រុិចទ័រ នៅវេលាម៉ោង១១និង១៦នាទីយប់ ដែលមានទីតាំងស្ថិតនៅភាគនិរតីនៃទីក្រុងកាណាដា។ ០៦នាទីក្រោយមកការរញ្ជួយលើកទីបីដែលមានកម្រិត ៦.៥ រ៉ិចទ័រ ស្ថិតនៅភាគនិរតីនៃកំពង់ផែហាឌី និង ១៤នាទីក្រោយមកក៏មានការរញ្ជួយលើកទីបួនដែលមានកម្រិត ៤.៩រ៉ិចទ័រ ទាបជាងគេនៅតំបន់ដដែល។ មិនមានរបាយការណ៍ណាមួយបញ្ជាក់អំពីការខូចខាតឬការរងរបួស និង គ្មានការប្រកាសអាសន្នពីរលកស៊ូណាមីនោះទេ។
អត្ថបទ៖ លីដា
ប្រភព៖ yahoo