រុស្ស៊ីចោទអាមេរិកថា មានចេតនាដកខ្លួនចេញពី INF (Treaty INF)
រុស្ស៊ី៖ មន្ត្រីរុស្ស៊ីបានធ្វើសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យថា ចេតនាដកខ្លួនចេញពីសន្ធិសញ្ញា INF (Treaty INF) របស់សហរដ្ឋអាមេរិកគឺជា “ការគំរាមកំហែង” និង មានភាពគ្រោះថ្នាក់ខ្លាំងណាស់។ នេះបើយោងតាមការចេញផ្សាយរបស់វេបសាយ ស៊ិនហួរ ចុះយប់ថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ២០១៨។
លោក Konstantin Kosachev ប្រធានគណៈកម្មាធិការកិច្ចការអន្តរជាតិនៃក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី បានសរសេរនៅលើបណ្តាញហ្វេសប៊ុកថា មកដល់ពេលនេះគឺមិនមានវិធានការជាផ្លូវការណាមួយ ត្រូវបានគេយកមកពិចារណាទៅលើចេតនាដកខ្លួនចេញពីសន្ធិសញ្ញា INF (Treaty INF) របស់អាមេរិកនោះទេ។ លោកបាននិយាយបន្តថាវាជាការប៉ុនប៉ងគំរាមកំហែងជាជាងការអនុវត្តច្បាប់របស់លោក Donald Trump ។
គួររំឮកផងដែរថាកាលពីថ្ងៃសៅរ៍កន្លងទៅនេះ លោកប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសពីការដកខ្លួនចេញពីសន្ធិសញ្ញា INF ដោយសារតែការរំលោភលើកិច្ចព្រមព្រៀងរបស់រុស្ស៊ី។
សន្ធិសញ្ញា INF ត្រូវបានចុះហត្ថលេខានៅឆ្នាំ ១៩៨៧ រវាងសហភាពសូវៀត និងសហរដ្ឋអាមេរិកលើការលុបបំបាត់មីស៊ីលចម្ងាយមធ្យមនិងខ្លីរបស់ខ្លួន។ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះគេឃើញថាអាមេរិក និងរុស្ស៊ីបានចោទប្រកាន់គ្នាទៅវិញទៅមកលើបញ្ហាគ្រប់គ្រងអាវុធរវាងប្រទេសទាំងពីរ៕
អត្ថបទ៖ លីដា
ប្រភព៖ ស៊ីនហួរ