លោកមហាសេដ្ឋី Ray Dalio៖ ត្រូវសួរខ្លួនឯងមួយសំនួរនេះសិនមុននឹងខ្ចីលុយគេ
មនុស្សជាច្រើនក្នុងពេលបច្ចុប្បន្ននេះកំពុងតែមានបំណុលជាប់ខ្លួនជាច្រើន ព្រោះពួកគេបានខ្ចីលុយទាំងនោះមកទិញរបស់ផ្សេងៗតាមតម្រូវការរបស់ពួកគេ។ ការខ្ចីលុយពីធនាគារ ឬពីអ្នកណាមកប្រើប្រាស់អាចផ្តល់ទាំងគុណសម្បត្តិ និងគុណវិបត្តិ ប្រសិនបើអ្នកមិនចេះប្រើប្រាស់បំណុលទាំងនោះឲ្យចំគោលដៅ។ ដើម្បីប្រើប្រាស់បំណុលឲ្យមានប្រយោជន៍ លោកមហាសេដ្ឋី Ray Dalio បានផ្តាំថា មុខនឹងខ្ចីលុយគេ លោកអ្នកត្រូវសួរខ្លួនឯងថា “តើបំណុលនោះអាចជួយឲ្យអ្នកអាចសន្សំលុយ ឬរកលុយបន្ថែមបានទេក្នុងពេលអនាគត?”
បើចម្លើយគឺ មិនអាចនោះទេ សូមកុំខ្ចីលុយគេចាយវាយតាមចិត្តខ្លួនឯងឲ្យសោះ។ លោកបានពន្យល់បន្ថែមថា បំណុលមាន ២ ប្រភេទ គឺបំណុលល្អ និងបំណុលអាក្រក់។ ក្នុងន័យនេះលោកបានបញ្ជាក់ថា បំណុលល្អគឺបំណុលទាំងឡាយណា ដែលជួយឲ្យអ្នកអាចរកលុយបន្ថែមបានដូចជាការខ្ចីលុយគេមកធ្វើការវិនិយោគផ្សេងៗ ឬទិញផ្ទះ ដី បង់រំលស់ដោយមិនលើសពីលទ្ធភាព (ប្រាក់ខែ) ក្នុងការសងត្រលប់ទៅវិញ ដែលបំណុលប្រភេទនេះបានជួយឲ្យអ្នកអាចសន្សំលុយប្រចាំខែយ៉ាងទៀងទាត់ និងមានឱកាសអាចចំណេញក្នុងពេលអនាគតផងដែរ។ ផ្ទុយទៅវិញបំណុលអាក្រក់គឺជាប្រភេទបំណុល ដែលអ្នកយកទៅប្រើប្រាស់បំពេញនូវជីវិតហ៊ឺហា សម្ភារៈនិយម និងការចាយវាយតាមគេព្រោះតែខ្លាចខ្មាស់គេជាដើម៕

អត្ថបទ៖ ភក្តី
ប្រភព៖ cnbc