អាយុទើប៣០ឆ្នាំ អាចរកចំណូលបានមួយឆ្នាំ១០ម៉ឺនដុល្លារ តែស្ត្រីរូបនេះមិនគិតថាខ្លួនឯងជាអ្នកមានទេ ព្រោះហេតុផលទាំងនេះ
ជាទូទៅនៅពេល ដែលអ្នកបានដឹងថា អ្នកណាម្នាក់មានប្រាក់ចំណូលច្រើននោះអ្នកប្រាកដជាគិតថា គេម្នាក់នោះជាអ្នកមានហើយ។ តែក្នុងករណីខ្លះ ដែលមានចំណូលច្រើនមិនប្រាកដថា សល់លុយច្រើននោះទេ ព្រោះពួកគេត្រូវចំណាយទៅវិញក៏ច្រើនដែរ។ ជាក់ស្តែងយោងតាមសារព័ត៌មាន CNBC បានចុះផ្សាយពីជីវិតរបស់ស្រ្តីវ័យ ៣០ ម្នាក់ដែលមានប្រាក់ចំណូល ១០ ម៉ឺនដុល្លារក្នុងមួយឆ្នាំ តែនាងមិនមានអារម្មណ៍ថា នាងជាអ្នកមាននោះទេ។ ស្រ្តីរូបនេះមានឈ្មោះថា Gaby Dunn នាងជាអ្នកសរសេរសៀវភៅ ជាអ្នកផលិតកម្មវិធីទូរទស្សន៍លក់ និងការរកប្រាក់តាមរយៈការបង្កើតវីដេអូបង្ហោះក្នុង Youtube ជាដើម។
នៅពេលដែលគេសួរថា តើប្រាក់ចំណូលប្រមាណជា ១០ ម៉ឺនដុល្លារក្នុងមួយឆ្នាំ អាចធ្វើឲ្យនាងក្លាយជាអ្នកមានដែរឬទេ? នាងបានឆ្លើយវិញថា នាងមិនមានអារម្មណ៍ថា នាងជាអ្នកមាននោះទេ ត្បិតនាងអាចសន្សំលុយបានតិចតួចប៉ុណ្ណោះ ជាក់ស្តែងក្នុងឆ្នាំនេះអាចសន្សំលុយបានប្រមាណជា ៦,០០០ ដុល្លារប៉ុណ្ណោះ។ នាងបន្តថា ជាធម្មតានាងត្រូវចំណាយប្រាក់ប្រចាំខែជាច្រើនដូចជា៖
-ជួលផ្ទះ ២៨៥០ ដុល្លារ
-បង់ឥណទាននិស្សិត ១៥០ ដុល្លារ
-សាំងរថយន្ត និងធានារ៉ាប់រង ៣៥០ ដុល្លារ
-បរិច្ចាគ ១៧០ ដុល្លារ
-គ្រឿងទេស ១៦០ ដុល្លារ
-បង់ថ្លៃធានារ៉ាប់រងសុខភាព ២៨៤ ដុល្លារ
-សេវាព្យាបាលដោយចលនា ១២៥ ដុល្លារ
-ទូរស័ព្ទ ១៤៧ ដុល្លារ
-អ៊ីនធឺណិត ១៤៦ ដុល្លារ
-បង់សេវាចំពោះកម្មវិធីតាមទូរស័ព្ទដៃ និងកុំព្យូទ័រ ៣០ ដុល្លារ
-កន្លែងហាត់ប្រាណ ៤០ ដុល្លារ
-រួមជាមួយនឹងចំណាយក្រៅផ្លូវការជាច្រើនទៀត៕
អត្ថបទ៖ ភក្តី
ប្រភព៖ cnbc