អង្គការសហប្រជាជាតិព្រមានថា ពិភពលោកទាំងមូលមានពេល១២ឆ្នាំទៀតប៉ុណ្ណោះសម្រាប់ប្រយុទ្ធប្រឆាំងទៅនឹងការប្រែប្រួលអាកាសធាតុ
អង្គការសហប្រជាជាតិបានចេញសេចក្តីព្រមានមួយថា ពិភពលោកទាំងមូលមានពេលតែ ១២ ឆ្នាំ ទៀតប៉ុណ្ណោះសម្រាប់ប្រយុទ្ធប្រឆាំងទៅនឹងការប្រែប្រួលអាកាសធាតុ ហើយក្រោយពីនេះពិភពលោកអាចនឹងទទួលរងនូវបញ្ហាប្រែប្រួលអាកាសធាតុធ្ងន់ធ្ងរ។ សេចក្តីព្រមាននេះបានធ្វើឡើងក្រោយពេលគេប្រមូលបានការរកឃើញជាច្រើននៅជុំវិញពិភពលោក ដែលសុទ្ធតែបានបង្ហាញថា ពិភពលោកនឹងទទួលរងនូវបញ្ហាប្រែប្រួលអាកាសធាតុខ្លាំងក្នុងពេលខាងមុខ។
បើយោងតាមការអះអាងរបស់អ្នកវិទ្យាសាស្ត្រជាង ៦ ០០០ នាក់ មកពី ៤០ ប្រទេសនៅជុំវិញពិភពលោក សុទ្ធតែបានអះអាងដូចគ្នាថា កម្តៅពិភពលោកអាចនឹងកើនឡើង ១,៥ សង្សាសេ បន្ថែមទៀតលើកម្តៅធម្មតាដូចក្នុងពេលបច្ចុប្បន្ននេះ។ ហើយនៅពេលដែលកម្តៅឡើងខ្លាំងនោះពិភពលោកទាំងមូលត្រូវប្រឈមនឹងបញ្ហាធម្មជាតិជាច្រើនដូចជា គ្រោះរាំងស្ងួត ព្យុះភ្លៀង កម្រិតទឹកសមុទ្រកើនឡើងខ្ពស់ ហើយសូម្បីតែដុំទឹកកកនៅតំបន់ភ្នំទឹកកកធំៗក៏អាចរលាយ និងបង្កឲ្យមានទឹកជំនន់ដែរ។ ដូចនេះក្នងរយៈពេល ១២ ឆ្នាំ ចុងក្រោយនេះពិភពលោកទាំងមូលត្រូវតែពួតដៃគ្នាប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុឲ្យម៉ឺងម៉ាត់បំផុត បើមិនដូចនោះទេពិភពលោកទាំងមូលនឹងប្រឈមជាមួយបញ្ហាធម្មជាតិខ្លាំងបំផុតនៅពេលអនាគត៕
អត្ថបទ៖ ភក្តី
ប្រភព៖ businessinsider