ក្រោយជើងហោះហើររបស់ឥណ្ឌូនេស៊ី Lion Air ជួបគ្រោះថ្នាក់ រដ្ឋាភិបាលអូស្រ្តាលីចេញក្តីប្រកាស ហាមប្រាមពលរដ្ឋខ្លួនមិនឲ្យជិះយន្តហោះក្រុមហ៊ុននេះតទៅទៀត
បន្ទាប់ពីមានហេតុការណ៍ដ៏គួរឲ្យរន្ធត់ ដោយជើងហោះហើរយន្តហោះ Lion Air របស់ឥណ្ឌូនេស៊ី ត្រូវបានរាយការណ៍ថាធ្លាក់ក្រោយពេលហោះចេញពីព្រលានក្នុងទីក្រុងចាកាតាប្រទេសឥណ្ឌូនេស៊ីនៅព្រឹកថ្ងៃចន្ទទី ២៩ខែតុលានេះ អូស្រ្តាលីបានចេញក្ដីប្រកាសហាមប្រាមពលរដ្ឋខ្លួន មិនឲ្យធ្វើដំណើរតាមជើងហោះហើរមួយនេះឡើយ។
ក្ដីប្រកាសនេះត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលអូស្រ្តាលីភ្លាមៗ ក្រោយ Lion Air ក្នុងជើងហោះហើរលេខ JT-610 ជួបឧប្បតិ្តហេតុ ប៉ុន្តែយ៉ាងណាមិញ ការហាមប្រាមនេះនឹងត្រូវធ្វើការពិចារណាឡើងវិញម្ដងទៀត ក្រោយមានការស៊ើបអង្កេតពីមូលហេតុនៃការធ្លាក់ឲ្យបានច្បាស់។ គួរបញ្ជាក់ផងដែរថាយន្តហោះរបស់ Lion Air ប្រភេទ Boeing 737 Max 8 បានធ្វើដំណើរក្នុងជើងហោះហើរលេខ JT-610 ចេញពីទីក្រុងចាកាតាឆ្ពោះទៅកាន់រដ្ឋ Pangkal Pinang ភាគខាងជើងប្រទេសឥណ្ឌូនេស៊ី ប៉ុន្តែជាអកុសល យន្តហោះបានបាត់ការទាក់ទងជាមួយការគ្រប់គ្រងផ្លូវអាកាសនៅម៉ោងប្រហែល ៦:៣៣នាទីព្រឹក (ម៉ោងក្នុងតំបន់)៕




អត្ថបទ៖ រីណា
ប្រភព៖ CNN