តើមូលហេតុអ្វីបានជាយន្តហោះរបស់ក្រុមហ៊ុន Lion Air ថ្មីចែសសោះបែរធ្លាក់ចុះក្រោយហោះហើយបាន ១៣ នាទីទៅវិញ?
ឥណ្ឌូនេស៊ី៖ គ្រោះថ្នាក់ធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ីនៅតែជាប្រធានបទ ដែលគេលើកមកជជែក និងសិក្សាអំពីមូលហេតុពិតប្រាកដនាំឲ្យមានគ្រោះថ្នាក់មួយនេះ។ សាធារណៈជនទូទៅ និងអ្នកជំនាញជាច្រើនបានកើតមានចម្ងល់យ៉ាងខ្លាំងថា ហេតុអ្វីបាននេះជាយន្តហោះរបស់ក្រុមហ៊ុន Lion Air មួយគ្រឿងនេះធ្លាក់ បន្ទាប់ពីហោះហើរបាន១៣នាទី និងគ្មានបង្ហាញសញ្ញាគ្រោះថ្នាក់ដូចនេះទៅវិញ ព្រោះយន្តហោះមួយគ្រឿងនេះជាយន្តហោះថ្មី ទើបនឹងប្រើប្រាស់បាន ២ ខែ និងធ្វើដំណើរបានត្រឹមតែ ៨០០ ម៉ោងប៉ុណ្ណោះ។
រហូតមកទល់នឹងពេលនេះ មូលហេតុពិតប្រាកដនៅតែស្ថិតក្នុងភាពស្រពេចស្រពិល តែគេបានរកឃើញភាពមិនប្រក្រតីមួយចំនួនមុនពេលវាបានធ្លាក់ចុះ។ តាមស្ថិតិនៃការហោះហើរបានបង្ហាញថា យន្តហោះបានធ្លាក់ចុះបន្តិចនៅពេលវាហោះហើរបាន ២១ វិនាទី ហើយល្បឿន និងការធ្លាក់ចុះនេះគឺមិនស្របគ្នាទាល់តែសោះ ព្រោះជាធម្មតាយន្តហោះដែលកំពុងហោះឡើងត្រូវបានមានល្បឿនលឿនមួយ និងមិនមានការធ្លាក់ចុះនោះទេ។
អ្នកជំនាញបានរកឃើញដែរថា យន្តហោះនេះបានហោះហើរតាមប្រព័ន្ធហោះហើរស្វ័យប្រវត្តិរបស់យន្តហោះរហូតដល់វាធ្លាក់ចុះ ដោយពុំមានការកែសម្រួល ឬបញ្ជាបន្ថែមពីអ្នកបើកយន្តហោះនោះទេ ដូចនេះគេសន្និដ្ឋានថា យន្តហោះនេះអាចនឹងបាត់បង់ការគ្រប់គ្រង ឬបញ្ជាលែងបាននៅចំណុចណាមួយ។ យ៉ាងណាក្តី គំនិតខាងលើនេះគ្រាន់តែជាការសន្និដ្ឋានបឋមប៉ុណ្ណោះ ពុំមែនជាលទ្ធផលបច្ចេកទេសដែលគេបានរកឃើញនោះទេ៕


អត្ថបទ៖ ភក្តី
ប្រភព៖ CNN