អន្តរជាតិ

ក្រុមហ៊ុនផលិតឱសថប្រមាណជា ៣០ នៅជុំវិញពិភពលោក នឹងចូលរួមផលិតថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ១៩ Molnupiravir សម្រាប់ចែកចាយទៅកាន់ប្រទេសក្រីក្រក្នុងតម្លៃធូរថ្លៃ

BY
autoadmin
January 21, 2022

​អង្គការ Medicines Patent Pool ដែលគាំទ្រដោយអង្គការសហប្រជាជាតិ (UN) បានធ្វើកិច្ចព្រមព្រៀងមួយ ដើម្បីឱ្យក្រុមហ៊ុនផលិតឱសថជិត ៣០ អាចធ្វើការផលិតថ្នាំគ្រាប់ Molnupiravir របស់ក្រុមហ៊ុន Merck & Co នាំទៅប្រទេសក្រីក្របាន។ កិច្ចព្រមព្រៀងដែលត្រូវបានចរចាដោយ MPP ជាមួយក្រុមហ៊ុន Merck នឹងពង្រីកទិន្នផលថ្នាំគ្រាប់ Molnupiravir ដោយសារវានឹងមានក្រុមហ៊ុនជាច្រើនជួយចូលរួមផលិត ខណៈដែលកាលពីខែតុលាកន្លងទៅនេះ ក្រុមហ៊ុន Merck ក៏ទើបតែចុះអាជ្ញាប័ណ្ណជាមួយក្រុមហ៊ុនឥណ្ឌាចំនួន ៨ ផងដែរ។ គួរឱ្យដឹងដែរថា ថ្នាំគ្រាប់ Molnupiravir មានប្រសិទ្ធភាពកាត់បន្ថយហានិភ័យចូលមន្ទីរពេទ្យ និងការស្លាប់បានចំនួន ៣០% ចំពោះអ្នកជំងឺ COVID-19 ដែលឆ្លងធ្ងន់ធ្ងរ នេះបើតាមទិន្នន័យរបស់ក្រុមហ៊ុន។

កិច្ចព្រមព្រៀងថ្មីនេះ នឹងអនុញ្ញាតឱ្យក្រុមហ៊ុនផលិតឱសថចំនួន ២៧ មកពីប្រទេសឥណ្ឌា ចិន និងបណ្តាប្រទេសផ្សេងទៀតនៅក្នុងទ្វីបអាហ្រ្វិក អាស៊ី និងមជ្ឈិមបូព៌ា អាចផលិតគ្រឿងផ្សំ និងបង្កើតបានជាផលិតផលសម្រេច។ MPP បាននិយាយថា ថ្នាំគ្រាប់ដែលផលិតក្រោមកិច្ចព្រមព្រៀងនេះ នឹងត្រូវបានចែកចាយទៅកាន់ប្រទេសចំនួន ១០៥ ដែលមិនសូវអភិវឌ្ឍន៍នៅទូទាំងពិភពលោក។ អ្នកនាំពាក្យបាននិយាយថា ការចែកចាយពីក្រុមហ៊ុនមួយចំនួនក្រោមកិច្ចព្រមព្រៀងនេះ អាចនឹងចាប់ផ្តើមផលិតបាននៅដើមខែកុម្ភៈនេះ។ ជម្រាបដែរថា ថ្នាំគ្រាប់ Molnupiravir មួយឈុតគឺមាន ៤០គ្រាប់ សម្រាប់រយៈពេល ៥ថ្ងៃ ហើយអាចមានតម្លៃប្រហែល ២០ដុល្លារ ឬអាចប្រែប្រួលតិចតួច នៅក្នុងប្រទេសក្រីក្រ។ ចំណែកការព្យាបាលជំងឺ COVID-19 ដោយប្រើប្រាស់ថ្នាំគ្រាប់ Molnupiravir របស់ក្រុមហ៊ុន Merck & Co ដែលលក់ទៅឱ្យរដ្ឋាភិបាលអាមេរិក គឺមានតម្លៃ ៧០០ ដុល្លារ/ឈុតព្យាបាល៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: