ការសិក្សាជាបឋមមួយបង្ហាញថា វ៉ាក់សាំង Sputnik V របស់រុស្ស៊ីបង្ហាញពីកម្រិតការពារពីវ៉ារ្យ៉ង់ អូមីក្រុង ខ្ពស់ជាងវ៉ាក់សាំង Pfizer របស់អាមេរិក
- BY
- autoadmin
- January 21, 2022
ការសិក្សាជាបឋមមួយបានបង្ហាញថា កម្រិតអង្គបដិប្រាណក្នុងការការពារពីជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំង Sputnik V របស់រុស្ស៊ី មិនបានចុះថយដូចអ្នកដែលបានចាក់វ៉ាក់សាំង Pfizer របស់អាមេរិកនោះទេ។ ការសិក្សារួមគ្នាមួយ រវាងអ្នកស្រាវជ្រាវរុស្ស៊ីនិងអ៉ីតាលី បានធ្វើការប្រៀបធៀបសេរ៉ូមឈាមរបស់អ្នកចាក់វ៉ាក់សាំង Sputnik V ចំនួន ៥១ នាក់ និង Pfizer ចំនួន ១៧ នាក់ ក្នុងចន្លោះពី ៣ ទៅ ៦ខែ បន្ទាប់ពីការចាក់ដូសទី២រួច ហើយពួកគេបានរកឃើញថា អ្នកដែលចាក់វ៉ាក់សាំង Sputnik V នៅមានកម្រិតអាចធន់ជាមួយ អូមីក្រុង ច្រើនជាងអ្នកចាក់វ៉ាក់សាំង Pfizer ។ ការសិក្សានេះត្រូវបានផ្ដល់ជំនួយដោយមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី ដែលជាអ្នកទីផ្សារឱ្យ Sputnik V នៅបរទេស។

ការសិក្សាជាបឋមនោះបានបង្ហាញថា អង្គបដិប្រាណជាក់លាក់សម្រាប់ប្រឆាំងនឹងវ៉ារ្យ៉ង់ អូមីក្រុង គឺត្រូវបានរកឃើញរហូតដល់ទៅ ៧៤.២% ពីក្នុងចំណោមអ្នកចាក់វ៉ាក់សាំង Sputnik ប៉ុន្តែមានតែ ៥៦.៩% នៃអ្នកដែលបានចាក់វ៉ាក់សាំង Pfizer/BioNtech ។ មុននេះ ការសិក្សាដោយវិទ្យាស្ថាន Gamaleya ដែលជាអ្នកបង្កើត Sputnik V ក៏បានបង្ហាញថា ការចាក់ដូសជំរុញ Sputnik Light ផ្តល់នូវប្រតិកម្មអង់ទីករខ្លាំងប្រឆាំងនឹង អូមីក្រុង ជាជាងវ៉ាក់សាំង Sputnik V ២ដូស បូកចូលគ្នាទៅទៀត។
គួរឱ្យដឹងដែរថា អូមីក្រុង បានជំរុញឱ្យតួលេខនៃជំងឺ COVID-19 កើនឡើងក្នុងកម្រិតខ្ពស់នៅក្នុងផ្នែកខ្លះនៃអឺរ៉ុបខាងលិច និងសហរដ្ឋអាមេរិក។ រហូតមកដល់ពេលនេះ ប្រទេសរុស្ស៊ីបានកត់ត្រាជាផ្លូវការនូវករណី អូមីក្រុង ជាង ១,៦០០ ករណី ហើយប្រទេសនេះបានដាក់ពង្រាយបណ្ដាញសុខាភិបាលរបស់ខ្លួន ដើម្បីដោះស្រាយការកើនឡើងនៃករណី ប៉ុន្តែអាជ្ញាធរបាននិយាយថា អាចមានករណីជាច្រើនទៀតដែលទាក់ទងនឹងអូមីក្រុង៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






