អន្តរជាតិ

មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺអាមេរិក៖ វ៉ាក់សាំងដូសជំរុញមានប្រសិទ្ធភាព ៩០% ក្នុងការការពារ វ៉ារ្យ៉ង់អូមីក្រុង មិនឲ្យឈឺធ្ងន់

BY
autoadmin
January 24, 2022

មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) បាននិយាយថា ការស្រាវជ្រាវថ្មីបានបង្ហាញថា ដូសជំរុញរបស់ថ្នាំបង្ការជំងឺ COVID-19 មានប្រសិទ្ធភាព ៩០% ក្នុងការការពារពីការធ្លាក់ខ្លួនសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារវ៉ារ្យ៉ង់អូមីក្រុង។ CDC កាលពីថ្ងៃសុក្រ បានចេញផ្សាយការសិក្សារបស់ខ្លួនមួយ លើប្រសិទ្ធភាពនៃការចាក់ថ្នាំបង្ការ Pfizer និង Moderna ដោយផ្អែកលើទិន្នន័យពីស្ថាប័នវេជ្ជសាស្ត្រទូទាំងប្រទេស ដោយបាននិយាយថា វ៉ាក់សាំងចំនួន ២ដូស គឺមានប្រសិទ្ធភាព ៨១% ប្រឆាំងនឹងការសម្រាកនៅមន្ទីរពេទ្យ បន្ទាប់ពីរយៈពេល ៦ខែ នៅពេលដែលវ៉ារ្យ៉ង់ ដែលតា កំពុងតែមានការកើនឡើង ហើយត្រឹមតែ ៥៧% នៅពេលដែលអូមីក្រុង ក្លាយជាវ៉ារ្យ៉ង់នាំមុនគេ។

ទោះជាយ៉ាងណាក៏ដោយ ការចាក់ដូសជំរុញបង្កើនប្រសិទ្ធភាពរហូទដល់ ៩៤% ក្នុងអំឡុងពេល ដែលតា កំពុងមានការឆ្លងខ្លាំង និងអាចដល់ ៩០% ក្នុងអំឡុងពេល អូមីក្រុង ចាប់ផ្ដើមមានការឆ្លងកើនឡើង។ មនុស្សដែលមិនបានទទួលថ្នាំបង្ការដែលមានអាយុចន្លោះពី ៥០ ទៅ ៦៤ឆ្នាំ ទំនងជាមានឱកាសក្នុងការឈឺធ្លាក់ខ្លួន ចូលមន្ទីរពេទ្យដោយសារ COVID-19 រហូតដល់ទៅ ៤៤ដង បើប្រៀបធៀបទៅនឹងបុគ្គលដែលបានចាក់វ៉ាក់សាំងពេញលេញ និងបានចាក់ដូសជំរុញ។

តួលេខនេះបានកើនឡើងដល់ ៤៩ដងក្នុងចំណោមអ្នកដែលមានអាយុ ៦៥ឆ្នាំ ឬចាស់ជាងនេះ។ នាយក CDC លោកស្រី Rochelle Walensky បាននិយាយថា ការស្រាវជ្រាវបង្ហាញថា ការការពារប្រឆាំងនឹងការចូលមន្ទីរពេទ្យគឺខ្ពស់ជាង សម្រាប់អ្នកដែលបានចាក់ថ្នាំបង្ការរោគ។ លោកស្រី​បាន​ជំរុញ​អ្នក​ដែល​មាន​សិទ្ធិ​ទទួល​បាន​ការចាក់ដូសជំរុញ​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​៕

អត្ថបទ៖ លីដា
ប្រភព៖ NHK , CDC

Share This Post: