អន្តរជាតិ

រកឃើញសត្វតោនៅអាហ្រ្វិកខាងត្បូង ឆ្លងកូវីដ ពីអ្នកគ្រប់គ្រងសួនសត្វ ហើយអ្នកស្រាវជ្រាវនិយាយថា ជំងឺនេះអាចប្រែប្រួលក្នុងខ្លួនសត្វ ហើយចម្លងមកមនុស្សវិញ

BY
autoadmin
January 24, 2022

សត្វតោ និងសត្វពូម៉ា នៅសួនសត្វឯកជនមួយក្នុងប្រទេសអាហ្រ្វិកខាងត្បូង បានឆ្លងជំងឺ COVID-19 យ៉ាងធ្ងន់ធ្ងរពីអ្នកគ្រប់គ្រងសួនសត្វ ដែលបានឆ្លងជំងឺប៉ុន្តែមិនមានចេញរោគសញ្ញា ដែលនាំឱ្យមានការព្រួយបានរម្ភថា វ៉ារ្យ៉ង់ថ្មីៗអាចនាំឱ្យមានការឆ្លងរាតត្បាតនៅក្នុងចំណោមសត្វ។ សាកលវិទ្យាល័យ Pretoria នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២ បាននិយាយថា ការសិក្សារបស់ពួកគេក្នុងឆ្នាំ២០២០ ដោយពិនិត្យមើលលើលាមកសត្វពូម៉ា ២ក្បាល ដែលមានជំងឺរាគរូស ហៀរសំបោរតាមច្រមុះ និងមិនឃ្លានអាហារ បានបង្ហាញថា សត្វពូម៉ាទាំងនោះបានឆ្លងជំងឺ COVID-19 ហើយបានជាសះស្បើយពេញលេញឡើងវិញ បន្ទាប់ពីរយៈពេល ២៣ ថ្ងៃ។

មួយឆ្នាំក្រោយមកទៀត នៅអំឡុងពេលមានរលកទី៣ ដែលជំរុញឱ្យមានវ៉ារ្យ៉ង់ ដែលតា ចម្លងរាតត្បាតនៅអាហ្វ្រិកខាងត្បូង គេបានសិក្សាលើសត្វតោ ៣ក្បាល ហើយបានរកឃើញថា ១ ក្នុងចំណោមនោះមានជំងឺរលាកសួត និងបានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ។ ការសិក្សានោះបានពន្យល់ដែរថា ពីមុនមកមានការសង្ស័យថាសត្វជាអ្នកចម្លងជំងឺ COVID-19 មកមនុស្ស ប៉ុន្តែការពិតទៅវាអាចបញ្ច្រាស់គ្នាវិញ ដោយសារតាមការមើលឃើញកន្លងមក គឺមនុស្សជាអ្នកចម្លងទៅសត្វ។

ទិន្នន័យក៏បានបង្ហាញដែរថា ជំងឺ COVID-19 កំពុងចរាចរក្នុងចំណោមបុគ្គលិក នៅសត្វតោនោះកំពុងឈឺ ហើយវាទំនងជាត្រូវបានចម្លងពីសត្វតោ ទៅសត្វពូម៉ា។ អ្នកស្រាវជ្រាវបាននិយាយថា ជំងឺនេះអាចប្រែប្រួលនៅក្នុងខ្លួនសត្វ (mutate) និងចម្លងមកកាន់មនុស្សឡើងវិញ។ អ្នកស្រាវជ្រាវបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា វិធានការដូចជាការពាក់ម៉ាស់ និងការគ្រប់គ្រងការឆ្លងមេរោគ នៅពេលទាក់ទងជាមួយសត្វ ក៏ដូចជាការដាក់របាំងការពារ ដើម្បីកុំឱ្យអ្នកទស្សនាសួនសត្វមិនអាចចូលទៅជិតពួកវាពេក គឺជាការគួរបំផុត៕

អត្ថបទ៖ លីដា
ប្រភព៖ The Straits Times

Share This Post: