អន្តរជាតិ

ក្រុមហ៊ុនឱសថអាមេរិក Moderna កំពុងចាប់ផ្ដើមសាកល្បងដំណាក់កាលដំបូង សម្រាប់វ៉ាក់សាំងប្រឆាំងមេរោគអេដស៍ ដែលមានមូលដ្ឋានលើបច្ចេកវិទ្យា mRNA

BY
autoadmin
January 28, 2022

ក្រុមហ៊ុនឱសថអាមេរិក Moderna បានប្រកាសថា ខ្លួនបានចាប់ផ្តើមការសាកល្បងព្យាបាលនៅដំណាក់កាលដំបូង លើវ៉ាក់សាំងប្រឆាំងមេរោគអេដស៍ (HIV) ដែលប្រើប្រាស់បច្ចេកវិទ្យា mRNA ។ កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅ ក្រុមហ៊ុនបានបញ្ចេញវ៉ាក់សាំងដូសដំបូងរបស់ខ្លួន ដែលសហការបង្កើតជាមួយនឹងអង្គការគំនិតផ្តួចផ្តើមវ៉ាក់សាំងជំងឺអេដស៍អន្តរជាតិ (International AIDS Vaccine Initiative) ដល់អ្នកស្ម័គ្រចិត្តនៅសាលាវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រសុខាភិបាលរបស់សាកលវិទ្យាល័យ George Washington ។ ដូចទៅនឹងវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនដែរ ការព្យាបាលថ្មីនេះគឺប្រើបច្ចេកវិទ្យា mRNA ដើម្បីបញ្ឆោតរាងកាយមនុស្សឱ្យផលិតប្រូតេអ៉ីន ដែលនឹងធ្វើឱ្យមានការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ។

ក្រុមហ៊ុន Moderna សង្ឃឹមថា វ៉ាក់សាំងនេះនឹងបង្កើតកោសិកាឈាមសជាក់លាក់មួយ ដែលគេស្គាល់ថាជា B-cells ដែលបន្ទាប់មកអាចប្រែទៅជាអង់ទីករការពារមេរោគបានយ៉ាងទូលំទូលាយ។ ក្រុមហ៊ុនធ្វើការសិក្សាទាំងលើវ៉ាក់សាំង និងដូសជំរុញ ហើយនៅក្នុងការសាកល្បងដំណាក់កាលទី១ របស់ខ្លួន គឺក្រុមហ៊ុននឹងដាក់ឱ្យមានអ្នកចូលរួមចំនួន ៥៦ នាក់ ដែលមានសុខភាពល្អ និងអវិជ្ជមានចំពោះមេរោគអេដស៍។ អ្នកចូលរួមចំនួន ៤៨នាក់ ក្នុងចំណោម ៥៦ នាក់ នឹងត្រូវទទួលបានវ៉ាក់សាំងបង្ការដែលមានមូលដ្ឋានលើ mRNA ខណៈអ្នកចូលរួមចំនួន ៣២ នាក់ ក្នុងចំណោមអ្នកដែលបានទទួលវ៉ាក់សាំង ក៏នឹងត្រូវចាក់ដូសជំរុញផ្គួបគ្នាផងដែរ ហើយចំណែកអ្នកនៅសេសសល់ចំនួន ៨នាក់ ផ្សេងទៀតនឹងចាក់តែដូសជំរុញប៉ុណ្ណោះ។

Moderna និយាយថា ខ្លួននឹងតាមដានក្រុមទាំងមូលរយៈពេល ៦ខែ ដើម្បីវាស់ស្ទង់សុវត្ថិភាពនៃវ៉ាក់សាំង។ ក្រុមហ៊ុនក៏មានគម្រោងដើម្បីពិនិត្យមើលការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ ដែលវ៉ាក់សាំងនឹងបង្កើតបាននៅកម្រិតម៉ូលេគុល ដើម្បីកំណត់ថាតើវាមានប្រសិទ្ធភាពដែរ ឬទេ។ ជម្រាបដែរថា បច្ចេកវិទ្យា Messenger RNA អាចនាំទៅរកការព្យាបាលជំងឺដ៏សាហាវជាច្រើន រួមទាំងជំងឺគ្រុនចាញ់ផងដែរ ប៉ុន្តែរបកគំហើញប្រឆាំងនឹងមេរោគអេដស៍ អាចនឹងធ្វើឱ្យមានការចាប់អារម្មណ៍ជាពិសេស។ គួរឱ្យដឹងដែរថា អ្នកផ្ទុកមេរោគអេដស៍មានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីទសវត្សរ៍ទី៩០ ដោយសារការអភិវឌ្ឍន៍នៃការព្យាបាល និងថ្នាំថ្មីៗ ក៏ប៉ុន្តែកន្លងមកគ្មានវ៉ាក់សាំង HIV ណាមួយ បានឆ្លងកាត់ការសាកល្បងព្យាបាលដំបូងដោយជោគជ័យនោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ Engadget

Share This Post: