ស្ញាត់ៗ អាជ្ញាធរចិនបានបិទខ្ទប់តំបន់មួយនៅក្បែររដ្ឋធានីប៉េកាំង ដោយមិនមានការប្រកាសជាសាធារណៈ ឬ ផ្សព្វផ្សាយឱ្យទូលំទូលាយនោះឡើយ
- BY
- autoadmin
- January 28, 2022
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឱ្យដឹងថា អាជ្ញាធរចិនបានបិទខ្ទប់តំបន់ជិតខាងនៃរដ្ឋធានីប៉េកាំងក្នុងសប្តាហ៍នេះ បន្ទាប់ពីមានករណីជំងឺ COVID-19 ថ្មីៗត្រូវបានគេរាយការណ៍ ប៉ុន្តែអាជ្ញាធរមិនបានប្រកាសជាសាធារណៈអំពីការរឹតបន្តឹងថ្មីនេះទេ ខណៈដែលព្រឹត្តិការណ៍អូឡាំពិករដូវរងាកាន់តែខិតចូលមកដល់។ បុគ្គលិកការពារមេរោគក្នុងតំបន់បានបញ្ជាក់ប្រាប់ AFP នៅថ្ងៃសុក្រ ទី២៨ ខែមករា នេះថា មានមនុស្សប្រហែល ១.២ លាននាក់ នៅ Xiong’an New Area ដែលជាតំបន់សេដ្ឋកិច្ចថ្មីចម្ងាយ ១០០ គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុងប៉េកាំង កំពុងជាប់គាំងនៅក្នុងការបិទខ្ទប់នោះ ហើយពួកគេមិនត្រូវបានអនុញ្ញាតឱ្យចូល ឬចាកចេញពីបរិវេណលំនៅដ្ឋានរបស់ពួកគេឡើយ។

កន្លងមកការបិទខ្ទប់នៅក្នុងប្រទេសចិនត្រូវបានប្រកាសជាសាធារណៈ និងរាយការណ៍យ៉ាងទូលំទូលាយ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ប៉ុន្តែការរឹតបន្តឹងនៅ Xiong’an ហាក់ដូចជាមានការលាក់លៀម ដោយគ្មានការប្រកាសជាសាធារណៈឡើយ ដែលបង្កឱ្យមានការភាន់ច្រឡំក្នុងចំណោមអ្នកស្រុកមួយចំនួននៅតំបន់នោះ។ បុគ្គលិកការពារមេរោគនៅ Xiong County ដែលជាស្រុក ១ ក្នុងចំណោមចំនួន ៣ នៅក្នុងតំបន់នោះបាននិយាយថា៖«យើងរំពឹងថា (ការបិទខ្ទប់) នឹងមានរយៈពេលប្រហែលមួយសប្តាហ៍ ប៉ុន្តែពេលវេលាពិតប្រាកដគឺមិនច្បាស់លាស់ទេ»។ ពួកគេបានបន្ថែមថា ការរឹតបន្តឹងបានចាប់ផ្តើមកាលពីថ្ងៃអង្គារ នៅចំពេលដែលអាជ្ញាធរនៅក្នុងស្រុកមួយផ្សេងទៀត នៅក្នុងតំបន់ Xiong’an ដដែលនេះ បានរាយកាណ៍ពីករណី COVID-19 ចំនួន ៥ ករណីផ្សេងទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






