អន្តរជាតិ

ក្រុមហ៊ុនឱសថ Merck បានអះអាងថា ថ្នាំគ្រាប់ Molnupiravir របស់ខ្លួន មានប្រសិទ្ធភាពជាមួយនឹងវ៉ារ្យ៉ង់អូមីក្រុង

BY
autoadmin
January 29, 2022

ក្រុមហ៊ុនឱសថ Merck បានប្រកាសកាលពីថ្ងៃសុក្រថា ថ្នាំពិសោធន៍ជំងឺ COVID-19 របស់ខ្លួន មានប្រសិទ្ធភាពប្រឆាំងនឹងវ៉ារ្យ៉ង់ អូមីក្រុង នេះបើយោងតាមការសិក្សាឯករាជ្យចំនួន ៦ ដែលក្រុមហ៊ុនទទួលបាន។ Merck រួមជាមួយនឹងដៃគូ Ridgeback Biotherapeutics បាននិយាយនៅក្នុងសេចក្តីប្រកាសថា ការសិក្សាបានបង្ហាញថា ថ្នាំលេប Molnupiravir របស់ខ្លួន មានភាពសកម្មប្រឆាំងនឹងជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង។ ដូច្នេះវាបានផ្តល់នូវទំនុកចិត្តបន្ថែមទៀត ចំពោះពលរដ្ឋមានហានិភ័យខ្ពស់ដែលជ្រើសយកជម្រើសប្រើថ្នាំគ្រាប់។

លោកវេជ្ជបណ្ឌិត Dean Y. Li ប្រធានមន្ទីរពិសោធន៍ស្រាវជ្រាវ Merck បាននិយាយថា៖«ការរកឃើញចេញពីការសិក្សាឯករាជ្យជាច្រើននៅក្នុង vitro បានបង្ហាញថា Molnupiravir មានភាពសកម្មជាក់លាក់ប្រឆាំងនឹង អូមីក្រុង ដែលជាវ៉ារ្យ៉ង់ចម្បង ដែលកំពុងចរាចរទូទាំងពិភពលោក។ វាផ្តល់នូវទំនុកចិត្តបន្ថែមលើសក្តានុពលរបស់ Molnupiravir ដែលជាជម្រើសព្យាបាលដ៏សំខាន់ សម្រាប់មនុស្សពេញវ័យមួយចំនួន ដែលឆ្លង COVID-19 កម្រិតស្រាលទៅមធ្យម ហើយមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ»។

គួរឱ្យដឹងដែរថា Molnupiravir ត្រូវបានអនុញ្ញាតក្នុងខែធ្នូ សម្រាប់ប្រើប្រាស់នៅសហរដ្ឋអាមេរិក ចំពោះអ្នកជំងឺ COVID-19 ដែលមានអាយុលើសពី ១៨ឆ្នាំ។ រដ្ឋបាលចំណីអាហារ និងឱសថរបស់សហរដ្ឋអាមេរិក មិនអនុញ្ញាតឱ្យប្រើប្រាស់វាចំពោះអ្នកជំងឺដែលមានអាយុក្រោម ១៨ឆ្នាំទេ ដោយសារថ្នាំនេះអាចប៉ះពាល់ដល់ការលូតលាស់ឆ្អឹង និងឆ្អឹងខ្ចី។ ថ្នាំ​នេះ​មិន​ត្រូវ​បាន​គេ​ធ្វើ​តេស្ដ​លើ​មនុស្ស​ដែលឆ្លង COVID-19 វ៉ារ្យ៉ង់អូមីក្រុងទេ ប៉ុន្តែ​ពួកគេបានតសេ្ដនៅ​ក្នុង​ការ​ស្រាវជ្រាវ​មន្ទីរពិសោធន៍៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: