ជប៉ុនគ្រោងចង់បើកទ្វាទទួលស្វាគមន៍ពលករបរទេសឲ្យមកធ្វើការក្នុងប្រទេសខ្លួនឲ្យកាន់តែច្រើន
ជប៉ុន៖ រដ្ឋាភិបាលជប៉ុន ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី Shinzo Abe គ្រោងនឹងបើកផ្លូវទទួលយកពលករជាជនបរទេសជាច្រើននាក់បន្ថែមទៀត ដើម្បីឲ្យមកធ្វើការងារនៅក្នុងប្រទេសជប៉ុន តែយ៉ាងណាក្តី គម្រោងមួយនេះកំពុងស្ថិតនៅក្នុងភាពចម្រោងចម្រាស់ ព្រោះតែបញ្ហាកំណើនជនអន្តោប្រវេសន៍ និងវេនធ្វើការងារ។ ក្នុងសេចក្តីព្រាងច្បាប់របស់សមាជិករដ្ឋសភាមកពីគណបក្ស LDP របស់លោកនាយករដ្ឋមន្ត្រី Shinzo Abe គឺចង់បើកឱកាសឲ្យមានពលករមកធ្វើការនៅជប៉ុនជាច្រើនបន្ថែមទៀត ដើម្បីធ្វើការក្នុងវិស័យកសិកម្ម សំណង់ សណ្ឋាគារ និងថែទាំវេជ្ជសាស្ត្រជាដើម។
អ្នកដែលអាចទៅធ្វើការនៅជប៉ុនបានទាល់តែមានជំនាញពិតប្រាកដមួយចេះនិយាយជប៉ុន អាចធ្វើការបាន ៥ ឆ្នាំ លើកលែងតែអ្នកមានជំនាញខ្ពស់ៗគឺអាចធ្វើការលើសពី ៥ ឆ្នាំ ឬអាចសូមសិទ្ធរស់នៅទីនោះតែម្តង។ យ៉ាងណាក្តី គណបក្សប្រឆាំងបានជំទាស់ថា គោលនយោបាយមួយនេះនឹងធ្វើឲ្យជប៉ុនមានជនអន្តោប្រវេសន៍កាន់តែច្រើន ហើយការបែងចែកវេនធ្វើការងាររបស់ពួកគេជាបញ្ហាមួយដែរ។ មកទល់នឹងពេលនេះការពិភ្សាកំពុងតែបន្ត ហើយគេសង្ឃឹមថា សភាជប៉ុននឹងរកឃើញសេចក្តីសម្រេចចុងក្រោយមួយក្នុងពេលឆាប់ៗនេះ។ សូមបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ននេះជប៉ុនមានអ្នកបម្រើការងារជាជនបរទេសប្រមាណជា ១,២៨ លាននាក់ ក្នុងនោះជាង ៤០ % ជាពលករ៕
អត្ថបទ៖ ភក្តី
ប្រភព៖ channelnewsasia