អន្តរជាតិ

អ្នកវិទ្យាសាស្ត្របានអះអាងថា វ៉ារ្យ៉ង់អូមីក្រុង BA.2 គឺឆ្លងខ្លាំងជាងវ៉ារ្យ៉ង់ BA.1 ប្រមាណជា ១.៥ដង ប៉ុន្តែមិនមានហានិភ័យខុសគ្នានោះទេ

BY
autoadmin
February 4, 2022

អ្នកវិទ្យាសាស្ត្របានអះអាងថា ជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង BA.2 គឺឆ្លងខ្លាំងជាងវ៉ារ្យ៉ង់ BA.1 ដែលកំពុងលេចធ្លោនាពេលបច្ចុប្បន្ន ជាពិសេសនៅក្នុងចក្រភពអង់គ្លេស ដល់ទៅ ១.៥ ដង ឯណោះ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail ។ វិទ្យាស្ថាន Statens Serum Institut (SSI) បាននិយាយថា ការគណនាបឋមបានបង្ហាញថា BA.2 អាចចម្លងខ្លាំងជាង BA.1 ដែលជារៀមច្បងរបស់វាដល់ទៅ ១.៥ ដង ប៉ុន្តែការវិភាគកន្លងមកបានបង្ហាញថា វ៉ារ្យ៉ង់រង BA.2 មិនមានហានិភ័យខុសគ្នាពី BA.1 ប៉ុន្មាននោះទេ។ ដោយសារតែ BA.2 មានការចម្លងយ៉ាងឆាប់រហ័សផងនោះ ឥឡូវនេះវាបានចូលរួមចំណែករហូតដល់ទៅពាក់កណ្ដាលនៃករណីថ្មីៗទាំងអស់នៅសហរដ្ឋអាមេរិក។

លោក Tyra Grove Krause នាយកបច្ចេកទេសរបស់ SSI បាននិយាយនៅក្នុងសន្និសីទខ្លីមួយថា៖«មានសញ្ញាមួយចំនួនដែលបង្ហាញថា វាឆ្លងកាន់តែខ្លាំង ជាពិសេសសម្រាប់អ្នកដែលមិនបានទទួលថ្នាំបង្ការ ប៉ុន្តែវាក៏អាចចម្លងទៅអ្នកដែលបានចាក់វ៉ាក់សាំងកាន់តែច្រើនផងដែរ»។ យ៉ាងណាក៏ដោយ សាស្រ្តាចារ្យលោក Paul Hunter អ្នកឯកទេសខាងរោគរាតត្បាតនៅសាកលវិទ្យាល័យ East Anglia បានប្រាប់ MailOnline ថា វាគ្មានហេតុផលអ្វីដែលត្រូវភ័យស្លន់ស្លោចំពោះ BA.2 នោះទេ។ លោក​បាន​និយាយ​ថា​ វា​មិន​បាន​បង្ក​ឱ្យ​មានហានិភ័យ​ខុស​គ្នា​ពី BA.1 បច្ចុប្បន្ននោះឡើយ។

កាលពីសប្តាហ៍មុន BA.2 ត្រូវបានគេកំណត់ថាជា «វ៉ារ្យ៉ង់ដែលស្ថិតនៅក្រោមការស៊ើបអង្កេត» ហើយគិតត្រឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ មានករណីរបស់ BA.2 ចំនួន ១,០៧២ ករណី ត្រូវបានកំណត់នៅក្នុងប្រទេសអង់គ្លេស។ វ៉ារ្យ៉ង់រង BA.2 មានអត្រាកំណើនកើនឡើង បើធៀបទៅនឹង BA.1 នៅក្នុងតំបន់ទាំងអស់នៃប្រទេសអង់គ្លេស ហើយតែអ្នកវិទ្យាសាស្ត្រនៅតែជឿថា BA.2 នឹងបន្ដការចម្លងរបស់ខ្លួន ហើយអាចក្លាយជាវ៉ារ្យ៉ង់លេចធ្លោនៅចក្រភពអង់គ្លេសនាពេលខាងមុខ៕

អត្ថបទ៖ លីដា
ប្រភព៖ Daily Mail

Share This Post: