អ្នកវិទ្យាសាស្ត្រចិនបានអះអាងថា ជំងឺកូវីដ-១៩ វ៉ារ្យ៉ង់អូមីក្រុង ទំនងជាចម្លងចេញពីសត្វកណ្ដុរមកមនុស្ស
- BY
- autoadmin
- February 4, 2022
អ្នកវិទ្យាសាស្ត្រចិនបានអះអាងថា វាអាចទៅរួចដែលថាវ៉ារ្យ៉ង់ អូមីក្រុង បានចម្លងចេញពីសត្វកណ្តុរមកកាន់មនុស្ស បន្ទាប់ពីមានការផ្លាស់ប្ដូរហ្សែន ឬ មុយតាស្យុង (mutations) ជាច្រើនលើកច្រើនសារ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post ។ ការសិក្សាថ្មីមួយរបស់អ្នកស្រាវជ្រាវចិនបាននិយាយថា វ៉ារ្យ៉ង់អូមីក្រុង មានមុយតាស្យុងជាច្រើន ដែលកម្រត្រូវបានរកឃើញនៅក្នុងសំណាករបស់អ្នកជំងឺកូវីដ-១៩ ពីមុនៗ ហើយក៏មិនធ្លាប់ត្រូវបានរកឃើញចេញពីការវិវឌ្ឍន៍របស់វ៉ារ្យ៉ង់ ដែលបានបំប្លែងខ្លួននាពេលកន្លងមកនោះដែរ។ ប៉ុន្តែមានមុយតាស្យុងចំនួន ៥ របស់វ៉ារ្យ៉ង់អូមីក្រុង គឺដូចគ្នាបេះបិទទៅនឹងអ្វី ដែលគេបានរកឃើញនៅក្នុងសួតសត្វកណ្ដុរពិសោធន៍ នេះបើយោងតាមការបោះពុម្ពផ្សាយនៅក្នុង Journal of Biosafety and Biosecurity ។

ទោះជាយ៉ាងណាក៏ដោយ ប្រភពដើមដំបូងរបស់អូមីក្រុង គឺនៅតែមិនទាន់អាចកំណត់បាន ព្រោះថាវាមានមុយតាស្យុងច្រើនជាង ៥០ ហើយមុយតាស្យុងទាំងនោះ គឺមិនធ្លាប់មាននៅក្នុងវ៉ារ្យ៉ង់ពីមុនៗនោះទេ។ អ្នកវិទ្យាសាស្ត្រក៏បានយល់ស្របថា អូមីក្រុង គឺមិនបានវិវត្តន៍ពី ដែលតា ឬវ៉ារ្យ៉ង់ណាមួយឡើយ។ ជាក់ស្ដែងកន្លងមកមានទ្រឹស្ដីចំនួន ៣ ដែលទាក់ទងនឹងប្រភពដើមរបស់វាដូចជា៖
ទី១. ការផ្លាស់ប្ដូរហ្សែននៅក្នុងខ្លួនមនុស្សដែលមានភាពស៊ាំនឹងមេរោគ ឬអ្នកផ្ទុកមេរោគដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។
ទី២. ការផ្លាស់ប្តូរហ្សែនក្នុងចំណោមអ្នកជំងឺ COVID-19 ដែលយើងមិនបានចាប់អារម្មណ៍។
ទី៣. គឺសត្វអាចឆ្លងជំងឺ COVID-19 ចេញពីមនុស្ស និងមានការផ្លាស់ប្ដូរហ្សែនជាច្រើនដង ហើយក៏ចម្លងមកមនុស្សវិញ។ ប៉ុន្តែទ្រឹស្ដីទី៣ មានការគាំទ្រច្រើនជាងគេ ហើយវាក៏ស្របទៅនឹងការពិតដែលថា សត្វអាចឆ្លងជំងឺ COVID-19 ហើយត្រូវបានគេរកឃើញនៅក្នុងពពួកសត្វជាច្រើនដូចជា ឆ្កែ និងឆ្មា សត្វសំពោច និងសត្វក្នុងសួនសត្វជាដើម។
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Nankai ក្នុងទីក្រុង Tianjin និងវិទ្យាស្ថានជាតិសម្រាប់ការគ្រប់គ្រង និងការពារជំងឺឆ្លង បានប្រៀបធៀបមុយតាស្យុងរបស់វ៉ារ្យ៉ង់ជំងឺ COVID-19 ទាំងអស់ ហើយបានលើកឡើងថា អូមីក្រុង អាចជាបងប្អូនរបស់វ៉ារ្យ៉ង់ ហ្គាម៉ា (Gamma) ប៉ុន្តែពូជពង្សរបស់វាទាំង ២ បានផ្ដាច់គ្នានៅពាក់កណ្តាលដំបូងនៃឆ្នាំ២០២០។ អ្នកវិទ្យាសាស្ត្រក៏បានទទូចឱ្យមានការពិនិត្យកាន់តែខ្លាំងឡើងទៅលើសត្វ ព្រោះថាវាអាចចម្លងវ៉ារ្យ៉ង់ផ្សេងទៀតមកកាន់មនុស្សបាន៕



អត្ថបទ៖ លីដា
ប្រភព៖ SCMP
- Share This Post:






