អន្តរជាតិ

មេរោគអេដស៍បំប្លែងខ្លួនថ្មី VB ដែលធ្វើឱ្យមនុស្សឆ្លង និងឈឺលឿនជាងមុន ២ដង កំពុងបង្ហាញខ្លួននៅប្រទេសហូឡង់

BY
autoadmin
February 5, 2022

មេរោគអេដស៍បំប្លែងខ្លួនថ្មីមួយ ដែលធ្វើឱ្យបុគ្គលដែលឆ្លងមេរោគនោះ ឈឺខ្លាំងជាងមុន ២ដង ត្រូវបានគេរកឃើញវត្តមាននៅក្នុងប្រទេសហូឡង់ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail ។ មេរោគអេដស៍បំប្លែងខ្លួនថ្មី ដែលត្រូវបានគេហៅថាវ៉ារ្យ៉ង់ VB បានឆ្លងដល់មនុស្សយ៉ាងហោចណាស់ ១០៩ នាក់ ដែលភាគច្រើនស្ថិតនៅក្នុងប្រទេសហូឡង់ នេះបើយោងតាមការសិក្សារបស់សាកលវិទ្យាល័យ Oxford ។ មេរោគនេះបំផ្លាញប្រព័ន្ធការពាររាងកាយ និងធ្វើឱ្យសមត្ថភាពរបស់មនុស្សចុះខ្សោយក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគប្រចាំថ្ងៃ និងឈឺលឿនជាងមេរោគអេដស៍ពីមុនៗ។ ដូច្នេះវា​មាន​ន័យ​ថា អ្នក​ដែល​ឆ្លង​មេរោគ​នេះ​អាច​វិវត្តន៍​ទៅ​រក​ជំងឺ​អេដស៍​បាន​លឿនបំផុត។

វ៉ារ្យ៉ង់ VB ក៏មានផ្ទុកមេរោគចន្លោះពី ៣.៥ ទៅ ៥.៥ ដង ខ្ពស់ជាងប្រភេទមេរោគអេដស៍បច្ចុប្បន្ន ដែលមានន័យថា អ្នកឆ្លងគឺងាយនឹងចម្លងមេរោគទៅអ្នកដទៃទៀត។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកដែលឆ្លងមេរោគអេដស៍ប្រភេទនេះមិនខុសពីអ្នកឆ្លងប្រភេទមុនៗឡើយ ពោលគឺប្រសិនបើពួកគេចាប់ផ្ដើមទទួលការព្យាបាលត្រឹមត្រូវ ពួកគេនឹងមានប្រព័ន្ធការពាររាងកាយ និងអត្រារស់រានមានជីវិតប្រសើរឡើងវិញ ស្រដៀងនឹងអ្នកឆ្លងមេរោគអេដស៍ផ្សេងទៀតដែរ។ ប៉ុន្តែអ្វីដែលអ្នកស្រាវជ្រាវមានការព្រួយបារម្ភ គឺមេរោគអេដស៍បំប្លែងខ្លួនថ្មីនេះ នឹងធ្វើឱ្យមនុស្សចុះខ្សោយលឿនជាងមុន និងមិនអាចប្រឆាំងនឹងមេរោគផ្សេងៗ ដែលពួកគេប្រឈមប្រចាំថ្ងៃនោះទេ។ ដូច្នេះហើយ ការរកឃើញករណីនៅក្នុងអំឡុងពេលនេះគឺសំខាន់ខ្លាំងណាស់ ដើម្បីឱ្យអ្នកស្រាវជ្រាវអាចសិក្សាពីវាឱ្យបានស៊ីជម្រៅជាងនេះ។

ក្រុម​ដែល​ប្រមូល​សំណាក​មេរោគ​អេដស៍​មក​ពី​ទូទាំង​អឺរ៉ុប និង​អ៊ូហ្គង់ដា បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន ១៧ ករណី ហើយវាក៏ដូចនឹងជំងឺ​ COVID-19 ដែរ គឺមេរោគអេដស៍នេះមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ប៉ុន្តែភាគច្រើននៃការផ្លាស់ប្តូរទាំងនេះ មិនមានភាពខុសប្លែកគ្នាទៅនឹងលក្ខណៈដើមនៃមេរោគនោះទេ។ ករណីចំនួន ២ ផ្សេងទៀត ត្រូវបានរកឃើញនៅប្រទេសស្វីស និងបែលហ្ស៊ិក ហើយក្រៅពីនោះគឺត្រូវបានរកឃើញនៅតំបន់ទាំងអស់នៅក្នុងប្រទេសហូឡង់។ ប៉ុន្តែយ៉ាងណាក៏ដោយគេជឿថា ចំនួនពិតប្រាកដអាចនឹងច្រើនជាងនេះ ហើយអ្នកជំនាញកំពុងណែនាំឱ្យពលរដ្ឋទៅស្វែងរកការធ្វើតេស្ដឱ្យបានទៀងទាត់៕

អត្ថបទ៖ លីដា
ប្រភព៖ Daily Mail

Share This Post: