ស្ត្រីកម្ពុជាម្នាក់ត្រូវបានមិត្តប្រុសសម្លាប់យ៉ាងសាហាវនៅសហរដ្ឋអាមេរិក
អាមេរិក៖ ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន ខណៈដែលរូបគេកំពុងព្យាយាមភៀសខ្លួនចេញពីប្រទេស ក្រោយពីបានសម្លាប់ស្ត្រីជាមិត្តស្រីរបស់ខ្លួន ដែលជាជនជាតិកម្ពុជា។ ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះថា Amer Alhasan អាយុ ២៨ឆ្នាំ រស់នៅតំបន់ La Habra បានកំពុងតែលួចរត់គេចទៅ Jordan កាត់តាមប្រទេសប្រទេសអាល្លឺម៉ង់ ប៉ុន្តែត្រូវបានប៉ូលិសចាប់ខ្លួនភ្លាមៗនៅអាកាសយានដ្ឋានអន្តរជាតិ Los Angeles តែម្តង។
មុនពេលឈានទៅដល់ការចាប់ខ្លួនជនសង្ស័យ Amer Alhasan ត្រូវបានគេផ្តល់ការសង្ស័យ ដោយសាររូបគេមានលុយដ៏ច្រើនលើសលប់ជាប់តាមខ្លួន។ យ៉ាងណាមិញប៉ូលិសបាននិយាយថា បើយើងហ៊ានតែយឺតប្រហែលបីម៉ោងទៀត គាត់នឹងចាកចេញពីប្រទេសជាស្ថាពរ។ ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា Amer Alhasan ធ្លាប់មានទំនាក់ទំនងជាមួយស្ត្រីរងគ្រោះឈ្មោះ Tiyanie Sopheap Ly ជាជនជាតិកម្ពុជា មុនពេលដែលនាងបានស្លាប់។ ជនរងគ្រោះ Tiyanie Sopheap Ly ដែលជាម្តាយនៃកូន ៣នាក់ មានអាយុ ៣៨ឆ្នាំ ដែលរស់នៅក្នុងទីក្រុង Santa Ana ត្រូវបានរកឃើញសាកសពដំបូងដោយបុរសរើសសំរាមម្នាក់នាព្រឹកព្រលឹមថ្ងៃអង្គារនៅក្នុងផ្លូវមួយស្ថិតនៅប្លុកលេខ ២១០០ នៃ South Balboa Plaza ។
ប៉ូលិសបានបន្ថែមថាជនសង្ស័យ Amer Alhasan នេះត្រូវបានគេចោទប្រកាន់ពីបទរំលោភបំពានលើអតីតសង្សារម្នាក់ និងធ្លាប់មានប្រវត្តិប្រើអំពើហិង្សាក្នុងគ្រួសារផ្សេងៗទៀតដែលឈានមកដល់ការចាប់ខ្លួន និងផ្តល់ការសង្ស័យលើបុគ្គលនេះ។ ចំណែកស្ត្រីរងគ្រោះត្រូវបានគេឃើញចុងក្រោយកាលពីថ្ងៃចន្ទ និងបានបាត់ខ្លួននៅថ្ងៃអង្គារ៍ដែលធ្វើឲ្យក្រុមគ្រួសារមានការព្រួយបារម្មណ៍ ព្រោះស្ត្រីរងគ្រោះមិនដេលភ្លេចនឹងទៅទទួលកូនៗរបស់គាត់ពីសាលានោះទេ។ ក្នុងរឿងនេះដែរប៉ូលិសបានព្យាយាមទាក់ទងអតិតសង្សារជនសង្ស័យទាំងអស់ដើម្បីសាកសួរចម្លើយ និងអ្នកផ្សេងទៀតដែលធ្លាប់ស្គាល់ពីទំនាក់ទំនងគេទាំងពីរ។

អត្ថបទ៖ លីដា
ប្រភព៖ ktla