សហរដ្ឋអាមេរិកគ្រោងនឹងអនុញ្ញាតឱ្យមានការប្រើប្រាស់ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំពោះកុមារអាយុក្រោម ៥ឆ្នាំ
- BY
- autoadmin
- February 10, 2022
យោងតាមឯកសាររបស់មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺអាមេរិក CDC បានឱ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិកគ្រោងនឹងដាក់ឱ្យប្រើប្រាស់ វ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់កុមារអាយុក្រោម ៥ឆ្នាំ យ៉ាងយូរនៅត្រឹមថ្ងៃទី២១ ខែកុម្ភៈ។ រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) កំពុងពិចារណាផ្តល់សិទ្ធិប្រើប្រាស់វ៉ាក់សាំង ដែលសហការផលិតដោយ Pfizer Inc (PFE.N) និង BioNTech SE (22UAy.DE) ដល់ក្រុមអាយុក្រោម ៥ឆ្នាំ បើទោះបីជា FDA មិនបានសម្រេចគោលដៅសំខាន់ ក្នុងអំឡុងការសាកល្បងព្យាបាលក្មេងអាយុពី ២ ទៅ ៤ឆ្នាំ ក៏ដោយ។ ចំណែក Pfizer/BioNTech បាននិយាយថា ពួកគេបានបញ្ជូនទិន្នន័យគាំទ្រការអនុញ្ញាតរួចរាល់ហើយ ទៅតាមសំណើរបស់ FDA ។

ទីប្រឹក្សាខាងក្រៅរបស់ FDA គ្រោងនឹងជួបគ្នានៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីពិភាក្សាថា តើគួរណែនាំនិយតករឱ្យអនុញ្ញាតវ៉ាក់សាំងដែរ ឬទេ។ គួរឱ្យដឹងដែរថា ការចាក់វ៉ាក់សាំងសម្រាប់កុមារអាយុក្រោម ៥ឆ្នាំ ដែលជាក្រុមអាយុតែមួយគត់ដែលមិនទាន់មានសិទ្ធិទទួលការចាក់វ៉ាក់សាំង នឹងត្រូវកំណត់ឱ្យចាប់ផ្តើមបន្ទាប់ពីការប្រជុំបាន ១ សប្ដាហ៍។ យោងតាមឯកសារ CDC បានឱ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិកគ្រោងនឹងដឹកជញ្ជូនវ៉ាក់សាំង Pfizer/BioNTech ចំនួន ១០ លានដូសដំបូង ទៅកាន់រដ្ឋ និងអង្គភាពផ្សេងទៀតមុនដំណាច់ខែកុម្ភៈ ប្រសិនបើ FDA អនុញ្ញាតិឱ្យប្រើប្រាស់របស់ពួកគេ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






