អូស្ត្រាលីបានចុះបញ្ជីសត្វខ្លាឃ្មុំ Koala ជាប្រភេទសត្វជិតផុតពូជ ក្រោយមានការថយចុះចំនួនយ៉ាងគួរឱ្យព្រួយបារម្ភ
- BY
- autoadmin
- February 11, 2022
យោងតាមការចុះផ្សាយរបស់ BBC បានឱ្យដឹងថា អូស្ត្រាលីបានចុះបញ្ជីសត្វខ្លាឃ្មុំ Koala ជាប្រភេទសត្វជិតផុតពូជ បន្ទាប់ពីចំនួនសត្វខ្លាឃ្មុំ Koala បានធ្លាក់ចុះយ៉ាងខ្លាំង។ សត្វខ្លាឃ្មុំ Koala ត្រូវបានបំផ្លាញដោយការកាប់ឆ្ការដី ភ្លើងឆេះ គ្រោះរាំងស្ងួត ជំងឺ និងការគំរាមកំហែងផ្សេងៗទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ រដ្ឋាភិបាលសហព័ន្ធបាននិយាយថា ការចុះបញ្ជីនេះគឺសម្រាប់រដ្ឋ Queensland, New South Wales និង Australian Capital Territory (ACT)។ រដ្ឋាភិបាលសហព័ន្ធក៏បានជំរុញបន្ថែមទៀត ដើម្បីឱ្យមានការការពារ Koalas ពីការបាត់បង់ជម្រកយ៉ាងឆាប់រហ័ស និងការប្រែប្រួលអាកាសធាតុ។

លោកស្រី Sussan Ley រដ្ឋមន្ត្រីក្រសួងបរិស្ថានកាលពីថ្ងៃសុក្រ បាននិយាយថា៖«ការចុះបញ្ជីនេះ បន្ថែមអាទិភាពនៅពេលនិយាយអំពីការអភិរក្សសត្វ Koala»។ អ្នកស្រីបាននិយាយថា មន្ត្រីកំពុងរៀបចំផែនការស្ដារ ហើយកម្មវិធីអភិវឌ្ឍន៍ដី នឹងត្រូវបានវាយតម្លៃពីផលប៉ះពាល់លើប្រភេទសត្វផ្សេងៗ។ កាលពីឆ្នាំមុន ការស៊ើបអង្កេតរបស់រដ្ឋ New South Wales បានរកឃើញថា សត្វខ្លាឃ្មុំ Koalas នឹងផុតពូជនៅទីនោះនៅឆ្នាំ២០៥០ លុះត្រាតែមានវិធានការជាបន្ទាន់។ ពួកគេបានប៉ាន់ប្រមាណថា ភ្លើងឆេះព្រៃ Black Summer នៃឆ្នាំ២០១៩-២០ បានសម្លាប់សត្វ Koala ចំនួន ៥,០០០ ក្បាល និងប៉ះពាល់ដល់ជម្រករបស់វា ២៤% នៅក្នុងរដ្ឋ New South Wales តែមួយ។
អ្នកវិទ្យាសាស្ត្រព្រមានថា ការប្រែប្រួលអាកាសធាតុនឹងធ្វើឱ្យមានភ្លើងឆេះព្រៃ និងគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរ ហើយកាត់បន្ថយគុណភាពនៃរបបអាហារស្លឹករបស់សត្វ។ Koalas ក៏ត្រូវបានរកឃើញផងដែរ នៅក្នុង South Australia និង Victoria ប៉ុន្តែចំនួនរបស់វាមានការថយចុះនៅទូទាំងប្រទេស នេះបើយោងតាមក្រុមអភិរក្ស៕

អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






