អន្តរជាតិ

រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក បានអនុញ្ញាតឱ្យមានការប្រើប្រាស់ថ្នាំអង់ទីករ Bebtelovimab របស់ក្រុមហ៊ុន Eli Lilly

BY
autoadmin
February 12, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានឱ្យដឹងថា រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) កាលពីថ្ងៃសុក្រ បានអនុញ្ញាតឱ្យមានការប្រើប្រាស់ថ្នាំអង់ទីករ របស់ក្រុមហ៊ុន Eli Lilly and Co សម្រាប់ក្រុមអាយុចាប់ពី ១២ ឆ្នាំឡើងទៅ ដែលមានហានិភ័យនៃជំងឺធ្ងន់ធ្ងរ ដែលនេះជាការបន្ថែមជម្រើសផ្សេងទៀតសម្រាប់ប្រឆាំងនឹងជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង។ FDA បានអនុញ្ញាតិឱ្យមានការប្រើប្រាស់ថ្នាំ Bebtelovimab សម្រាប់ការប្រើប្រាស់ជាបន្ទាន់ ចំពោះអ្នកជំងឺ COVID-19 កម្រិតស្រាលទៅមធ្យម ដែលមានហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ រួមទាំងការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬការស្លាប់។

ក្រុមហ៊ុន Eli Lilly បាននិយាយថា Bebtelovimab មានភាពសកម្មប្រឆាំងនឹង អូមីក្រុង ក៏ដូចជា អូមីក្រុងប្រភេទ BA.2 របស់ខ្លួន ដែលត្រូវបានគេនិយាយថា អាចឆ្លងបានច្រើនជាងមុន។ ក្រុមហ៊ុនកាលពីថ្ងៃព្រហស្បតិ៍ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់ជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់ថ្នាំ Bebtelovimab រហូតដល់ទៅ ៦០០,០០០ ដែលនឹងចែកចាយនៅចុងខែមីនា។ ថ្នាំអង់ទីករ Bebtelovimab ត្រូវបានរកឃើញដំបូងដោយ AbCellera Biologics ហើយក្រោយមកត្រូវបានផ្តល់អាជ្ញាប័ណ្ណ និងអភិវឌ្ឍដោយក្រុមហ៊ុន Eli Lilly ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: