សិង្ហបុរីផ្តល់ការអនុញ្ញាតបណ្តោះអាសន្នលើវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Nuvaxovid របស់ក្រុមហ៊ុន Novavax
- BY
- autoadmin
- February 14, 2022
អាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាលសិង្ហបុរី (HSA) នៅថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានប្រកាសថា ខ្លួនបានផ្តល់ការអនុញ្ញាតបណ្តោះអាសន្នលើវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Nuvaxovid របស់ក្រុមហ៊ុន Novavax សម្រាប់ការប្រើប្រាស់នៅក្នុងប្រទេសសិង្ហបុរី។ ជម្រាបដែរថា វ៉ាក់សាំងនេះត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ចំពោះបុគ្គលដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំនេះ។ វ៉ាក់សាំងនេះមាន ២ដូស កម្រិត ៥មីក្រូក្រាម និងមានគម្លាតពីគ្នា ៣ សប្ដាហ៍។ HSA បាននិយាយថា វ៉ាក់សាំងដំបូងគឺត្រូវបានគេរំពឹងថា នឹងមកដល់ប្រទេសសិង្ហបុរីក្នុងប៉ុន្មានខែខាងមុខនេះ។

ការអនុញ្ញាតបណ្តោះអាសន្ននេះ ត្រូវបានផ្តល់ឱ្យនៅក្រោមកម្មវិធី ផ្លូវចូលពិសេសសម្រាប់ជំងឺរាតត្បាត (PSAR) ។ ពោលគឺ PSAR អនុញ្ញាតឱ្យ HSA ផ្តល់ការអនុញ្ញាតបណ្តោះអាសន្នសម្រាប់វ៉ាក់សាំងបង្ការជំងឺ COVID-19 និងឧបករណ៍វេជ្ជសាស្ត្រ អំឡុងពេលមានរោគរាតត្បាត។ វ៉ាក់សាំង COVID-19 តែមួយគត់ដែលត្រូវបានអនុម័តក្រោម PSAR បច្ចុប្បន្នគឺវ៉ាក់សាំង mRNA របស់ក្រុមហ៊ុន Pfizer-BioNTech និង Moderna ក៏ដូចជាវ៉ាក់សាំង Sinopharm របស់ Sinovac ដែលជាប្រភេទអសកម្ម ខណៈវ៉ាក់សាំង Sinovac ត្រូវបានអនុញ្ញាតពីដំបូងក្រោមកម្មវិធីផ្លូវចូលពិសេស (Special Access Route)៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






