អន្តរជាតិ

កូរ៉េ​ខាង​ជើង​កំពុង​​ប្រារព្ធ​ខួប​កំណើត​គម្រប់ ​៨០​ឆ្នាំ​ របស់​អតីត​មេដឹកនាំ​លោក គីម ជុងអ៉ីល

BY
autoadmin
February 16, 2022

កូរ៉េ​ខាង​ជើង​កំពុង​​រីករាយ​ក្នុង​ការ​ប្រារព្ធ​ខួប​កំណើត​គម្រប់ ​៨០​ឆ្នាំ​ របស់​អតីត​មេដឹកនាំ​លោក គីម ជុងអ៉ីល នៅ​ថ្ងៃ​ពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។ ជាក់ស្ដែងលោក គីម ជុងអ៊ុន បានបញ្ជាក់ហើយថា ខួបរបស់ឪពុករបស់លោកនឹងត្រូវប្រារព្ធឡើងជាទ្រង់ទ្រាយធំ។ ក្នុងអំឡុងពេលសម្តែងតន្ត្រីមួយនៅទីក្រុងព្យុងយ៉ាងកាលពីថ្ងៃចន្ទ ក៏មានការបង្ហាញរូបថតនៃមីស៉ីលលឿនជាងសំឡេង (Hypersonic missile) ដែលខ្លួនបានបាញ់កាលពីថ្ងៃទី០៥ ខែមករា ដើមឆ្នាំនេះ។

ទូរទស្សន៍​រដ្ឋ​កូរ៉េ​កណ្តាល​បាន​នឹង​កំពុង​ចាក់​ផ្សាយ​ភាពយន្ត​ឯកសារ​ថ្មី​មួយ ​អំពី​សមិទ្ធផល​របស់​លោក គីម ជុងអ៉ីល ដោយភាពយន្ត​នោះ ​មាន​ឈុត​ឆាក​ដែល​ឪពុក​កូន​ទាំង ២នាក់ បានទៅ​លេង​កន្លែង​ផ្សេង​ៗ​ក្នុង​ប្រទេស​ជាមួយ​គ្នា។ នៅក្នុងឯកសារនោះលោក គីម ជុងអ៉ីល បាននិយាយថា ក្រោមការដឹកនាំរបស់សមមិត្ត គីម ជុងអ៊ុន អនាគតនៃមាតុភូមិរបស់ពួកគេគឺភ្លឺស្វាង។

កូរ៉េ​ខាង​ជើង​ក៏នឹង​ប្រារព្ធ​ព្រឹត្តិការណ៍​សំខាន់​ផ្សេង​ទៀត​នៅ​ឆ្នាំ​នេះ ដោយខួបលើកទី១១០ នៃថ្ងៃកំណើតរបស់លោក គីម អ៉ីលស៊ុង ដែលជាជីតារបស់មេដឹកនាំបច្ចុប្បន្ននឹងមកដល់នៅក្នុងខែមេសា។ ឆ្នាំ​នេះ​ក៏​ជា​ខួប​ ១០​ឆ្នាំ​ ដែល​លោក​គីម ជុងអ៊ុន​ឡើង​កាន់​តំណែង​ជា​មេដឹកនាំ​បក្ស​កម្មករ​កំពុង​កាន់​អំណាច ហើយមេដឹកនាំរូបនេះត្រូវបានគេជឿថា កំពុងប្រើខួបដើម្បីលើកកំពស់កិត្យានុភាពជាតិ និងរឹតបន្តឹងការក្តាប់អំណាចរបស់ខ្លួន៕

អត្ថបទ៖ លីដា
ប្រភព៖ Yonhab

Share This Post: