លោក Manny Pacquiao សន្យានឹងប្រយុទ្ធប្រឆាំងជាមួយគ្រឿងញៀនឱ្យបានត្រឹមត្រូវបំផុត ប្រសិនបើលោកជាប់ឆ្នោត
- BY
- autoadmin
- February 17, 2022
ស្ដេចប្រដាល់ និងជាបេក្ខភាពប្រធានាធិបតីគឺលោក Manny Pacquiao បាននិយាយថា លោកនឹងស្វាគមន៍ការស៊ើបអង្កេតអន្តរជាតិ លើសង្គ្រាមបង្ហូរឈាមប្រឆាំងនឹងគ្រឿងញៀនរបស់ប្រធានាធិបតី Rodrigo Duterte ប្រសិនបើលោកជាប់ឆ្នោត ហើយសន្យាថានឹងប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនយ៉ាងត្រឹមត្រូវ ដោយមិនមែនជាការបាញ់ប្រហារតាមដងផ្លូវនោះទេ។ ឆ្លើយតបទៅកាន់អ្នកសារព័ត៌មានបរទេស លោក Pacquiao ដែលជាអតីតជើងឯកប្រដាល់ពិភពលោក និងធ្លាប់ជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់ប្រធានាធិបតី Rodrigo Duterte បាននិយាយថា លោកនឹងបើកចំហរក្នុងការចូលរួមជាមួយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលលោក Duterte បានដកហ្វីលីពីនយ៉ាងឯកតោភាគីចេញពី ICC ក្នុងឆ្នាំ២០១៨។

យ៉ាងណាក៏ដោយលោក Manny Pacquiao កំពុងតាមពីក្រោយលោក Ferdinand Marcos Junior ដែលមានច្រើនជាង ៥០ពិន្ទុ នៅក្នុងការស្ទង់មតិនៅមុនការបោះឆ្នោតខែឧសភា។ អាណត្តិប្រធានាធិបតីរបស់លោក Duterte ត្រូវបានគេកត់សម្គាល់ដោយសារសង្គ្រាមរបស់លោកលើគ្រឿងញៀន នៅក្នុងអំឡុងពេលដែលឈ្មួញជាច្រើនពាន់នាក់ត្រូវបានសម្លាប់។ ក្រុមសិទ្ធិមនុស្ស និងអ្នករិះគន់និយាយថា ប៉ូលីសបានសម្លាប់ជនសង្ស័យគ្រឿងញៀននៅនឹងកន្លែង ប៉ុន្តែប៉ូលិសនិយាយថា អ្នកដែលត្រូវបានសម្លាប់គឺជាជនប្រដាប់អាវុធ និងមិនព្រមឱ្យមានការចាប់ខ្លួន។
ចំណែកឯលោក Pacquiao អាយុ ៤៣ឆ្នាំ បានព្យាយាមបំបែកខ្លួនគាត់ចេញពីលោក Duterte ដោយនិយាយថា គាត់នឹង «បន្តសង្រ្គាមលើគ្រឿងញៀនខុសច្បាប់» ដោយជនសង្ស័យត្រូវបានទទួលការកាត់ក្តីដោយយុត្តិធម៌ និងស្តារនីតិសម្បទាឡើងវិញ។ លោកបានមានប្រសាសន៍កាលពីថ្ងៃចន្ទថា៖ «នៅពេលដែលខ្ញុំនិយាយអ្វីដែលត្រឹមត្រូវ មានន័យថាយើងនឹងមិនសម្លាប់ពួកគេនៅតាមផ្លូវនោះទេ»៕


អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






