ជប៉ុនគ្រោងនឹងប្រកាសពីការបន្ធូរបន្ថយការគ្រប់គ្រងព្រំដែនរបស់ខ្លួន នៅថ្ងៃព្រហស្បតិ៍នេះ
- BY
- autoadmin
- February 17, 2022
ប្រទេសជប៉ុនគ្រោងនឹងប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះថា ខ្លួននឹងបន្ធូរបន្ថយការគ្រប់គ្រងព្រំដែន ដែលខ្លួនបានដាក់ចេញដើម្បីទប់ទល់នឹងការរីករាលដាលនៃជំងឺ COVID-19 ។ វាគឺជាវិធានការតឹងរ៉ឹងបំផុតក្នុងចំណោមប្រទេសអ្នកមាន ហើយត្រូវបានរិះគន់ដោយមេដឹកនាំអាជីវកម្ម និងអ្នកអប់រំជាច្រើន។ ជាក់ស្ដែងនិស្សិតបរទេសប្រហែល ១៥០,០០០ នាក់ រួមជាមួយនឹងកម្មករបរទេសជាច្រើនទៀតបានជាប់គាំង ដែលធ្វើឱ្យមានការព្រមានអំពីកង្វះកម្លាំងពលកម្ម និងការខូចខាតដល់កេរ្តិ៍ឈ្មោះអន្តរជាតិរបស់ប្រទេសជប៉ុន។

ប្រទេសជប៉ុនបានបន្ធូរបន្ថយច្បាប់ព្រំដែនរបស់ខ្លួនរយៈពេលខ្លីនៅចុងឆ្នាំ២០២១ ប៉ុន្តែបានរឹតបន្តឹងម្តងទៀតត្រឹមតែប៉ុន្មានសប្តាហ៍ក្រោយមក នៅពេលដែលវ៉ារ្យ៉ង់ អូមីក្រុង បានលេចឡើងនៅក្រៅប្រទេស។
ក្នុងចំណោមវិធានការនានាដែលនឹងប្រកាសឡើងនៅថ្ងៃនេះ រួមមានការកំណត់ពីចំនួនអ្នកចូលទៅប្រទេសជប៉ុនចំនួន ៥,០០០ នាក់ ក្នុងមួយថ្ងៃ ដែលជាការកើនឡើងពី ៣,៥០០ នាក់ នាពេលបច្ចុប្បន្ន។ វិធានការផ្សេងទៀតទំនងជារួមបញ្ចូលការបន្ថយរយៈពេលនៃការដាក់ឱ្យនៅដាច់ពីគេមកនៅត្រឹម ៣ថ្ងៃ (ដែលបច្ចុប្បន្ននេះគឺមួយសប្តាហ៍) នៅក្រោមកាលៈទេសៈមួយចំនួន ដូចជាកម្រិតហានិភ័យនៃមេរោគឆ្លងនៅក្នុងប្រទេសរបស់អ្នកដំណើររូបនោះ និងថាតើពួកគេត្រូវបានចាក់វ៉ាក់សាំងពេញលេញ រួមទាំងការចាក់ដូសជំរុញផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






