អន្តរជាតិ

កាណាដាបានអនុម័តឱ្យមានការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមមហ៊ុន Novavax សម្រាប់ក្រុមមនុស្សអាយុចាប់ពី ១៨ឆ្នាំ

BY
autoadmin
February 18, 2022

ប្រទេសកាណាដាកាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ បានអនុម័តវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមមហ៊ុន Novavax សម្រាប់មនុស្សដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដែលធ្វើឱ្យវាក្លាយជាវ៉ាក់សាំងទី៥ ដែលត្រូវបានបើកផ្លូវឱ្យមានការប្រើប្រាស់នៅក្នុងប្រទេស។ ក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំងចំពោះមនុស្សដែលមានអាយុក្រោម ១៨ឆ្នាំ មិនទាន់ត្រូវកំណត់នៅឡើយទេ។ ប្រទេសកាណាដាបានប្តេជ្ញាទិញវ៉ាក់សាំងចំនួន ៥២ លានដូស ជាមួយនឹងជម្រើសក្នុងការទិញរហូតដល់ ២៤ លានដូសបន្ថែមទៀត។

វ៉ាក់សាំង Nuvaxovid របស់ក្រុមហ៊ុន Novavax គឺប្រើបច្ចេកវិទ្យាប្រូតេអ៉ីនបញ្ជូលគ្នា ដែលខ្ពស់ជាង mRNA ដែលជាវិធីសាស្ត្រនៅពីក្រោយវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលរបស់ Pfizer-BioNTech និង Moderna។ អ្នកជំនាញមួយចំនួនបានសម្តែងក្តីសង្ឃឹមថា ផលិតផលរបស់ Novavax អាចបញ្ចុះបញ្ចូលមនុស្សដែលមិនទាន់បានចាក់វ៉ាក់សាំង ដែលមានការសង្ស័យអំពីបច្ចេកវិទ្យា mRNA ឱ្យទទួលការចាក់វ៉ាក់សាំងឱ្យបានច្រើនជាងនេះ។ កាលពីថ្ងៃពុធ ប្រធានផ្នែកពាណិជ្ជកម្ម Novavax លោក John Trizzino បាននិយាយថា នៅតែមានតម្រូវការសំខាន់សម្រាប់ការចាក់វ៉ាក់សាំងទូទាំងពិភពលោក ជាពិសេសចំពោះវ៉ារ្យ៉ង់ អូមីក្រុង ដែលជាការគំរាមកំហែងថ្មីចុងក្រោយបំផុត សម្រាប់អ្នកមិនទាន់ចាក់វ៉ាក់សាំងដែលត្រូវការវ៉ាក់សាំង៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: