កូវីដនៅហុងកុងកាន់តែអាក្រក់! មន្ទីរពេទ្យពេញណែន តម្រូវឲ្យអ្នកជំងឺកូវីដ១៩ សម្រាកក្នុងតង់នៅក្រៅពេទ្យ ដើម្បីរង់ចាំការព្យាបាល
- BY
- autoadmin
- February 18, 2022
ស្ថានភាពជំងឺ COVID-19 ទីក្រុងហុងកុងកាន់តែយ៉ាប់យ៉ឺនទៅៗ ហើយការឆ្លងថ្មីៗប្រចាំថ្ងៃជាកំណត់ត្រា បាននិងកំពុងរុញច្រានប្រព័ន្ធសុខាភិបាលនៅក្នុងតំបន់ក្រីក្រមួយ របស់ទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ ធ្លាក់ចូលទៅរកភាពវឹកវរខ្លាំង ដោយសារតែការឆ្លងរីករាលដាលនៃជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times ។ ជាក់ស្ដែងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Caritas នៅស្រុក Sham Shui Po បានចាប់ផ្តើមដំឡើងតង់នៅខាងក្រៅអគាររបស់ខ្លួន ដើម្បីកំណត់ឱ្យមានអ្នកជំងឺ COVID-19 ម្នាក់ក្នុងមួយតង់ ព្រោះថានៅក្នុងមន្ទីរពេទ្យគឺពោរពេញទៅដោយអ្នកជំងឺផ្សេងទៀត។ ប៉ុន្តែរហូតដល់យប់ថ្ងៃពុធ តង់ខ្លះត្រូវបានគេដាក់អ្នកជំងឺ COVID-19 ទាំងគ្រួសារ ហើយក៏មានអ្នកជំងឺ COVID-19 ជាច្រើនទៀត មិនមានសូម្បីតែតង់ដើម្បីសម្រាករង់ចាំការព្យាបាលជំងឺ។

ដូចចិនដីគោកដែរ ទីក្រុងហុងកុងធ្លាប់បានប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រ zero-Covid ដែលធ្វើឱ្យទីក្រុងនេះអាចរក្សាជំងឺឱ្យនៅក្រោមការគ្រប់គ្រង ប៉ុន្តែវាក៏ធ្វើឱ្យមជ្ឈមណ្ឌលពាណិជ្ជកម្មមួយនេះកាត់ផ្តាច់ពីពិភពខាងក្រៅផងដែរ។ យ៉ាងណាក៏ដោយ ស្ថានការណ៍បានចាប់ផ្ដើមទៅជាអាក្រក់នាពេលថ្មីៗនេះ ដោយសារតែការឆ្លងយ៉ាងឆាប់រហ័សរបស់វ៉ារ្យ៉ង់ អូមីក្រុង ដែលធ្វើឱ្យអ្នកជំងឺមានការកើនឡើងច្រើន ហើយអ្នកមានទំនាក់ទំនងត្រូវបានគេបញ្ជូនទៅជំរុំដាច់ដោយឡែក ខណៈដែលអាជ្ញាធរមិនអាចត្រៀមខ្លួនជាមុនឱ្យទាន់ពេលវេលានោះឡើយ។ រដ្ឋាភិបាលក៏បានប្រកាសពីការសម្រាកព្យាបាលដោយខ្លួនឯងនៅផ្ទះ សម្រាប់អ្នកមានជំងឺស្រាល ប៉ុន្តែរហូតមកទល់ពេលនេះ មានអ្នកជំងឺមិនក្រោម ១២,០០០ នាក់ នោះទេ ដែលកំពុងសម្រាកខាងក្រៅមន្ទីរពេទ្យរង់ចាំទទួលការព្យាបាល។
គួរឱ្យដឹងដែរថា ទីក្រុងហុងកុងធ្លាប់បានកត់ត្រាករណីជំងឺ COVID-19 សរុបតែជាង ១២,០០០ ករណី ប៉ុណ្ណោះ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត។ ប៉ុន្តែករណីប្រចាំថ្ងៃរបស់ទីក្រុងដែលមានពលរដ្ឋ ៧.៥ លាននាក់មួយនេះ បានកើនដល់ ៤,២៨៥ ករណី ក្នុងមួយថ្ងៃ គិតត្រឹមថ្ងៃពុធ នេះនៅមិនរាប់ចូលអ្នកជំងឺចំនួន ៧,០០០ នាក់ ដែលមិនទាន់ត្រូវបានបញ្ជាក់ផង៕







អត្ថបទ៖ លីដា
ប្រភព៖ The Straits Times
- Share This Post:






