ប្រទេសអូស្ត្រាលីចាប់ផ្ដើមបើកទ្វារ សម្រាប់ភ្ញៀវទេសចរបរទេសឡើងវិញនៅថ្ងៃនេះ បន្ទាប់ពីបិទទ្វារអស់រយៈពេល ២ឆ្នាំ
- BY
- autoadmin
- February 21, 2022
អូស្ត្រាលីបានបើកទ្វារវិញសម្រាប់ភ្ញៀវទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងការពារជំងឺ COVID-19 ពេញលេញ បន្ទាប់ពីបិទព្រំដែនអស់រយៈពេលជិត ២ឆ្នាំ។ ពោលគឺប្រទេសអូស្ត្រាលីបានចាប់ផ្តើមទទួលយកអ្នកកាន់ទិដ្ឋាការ ដែលបានចាក់វ៉ាក់សាំងបង្ការពេញលេញ ពីប្រទេសដទៃទៀតនៃពិភពលោកនៅថ្ងៃនេះផ្ទាល់តែម្ដង។ នៅថ្ងៃនេះផ្ទាល់ ជើងហោះហើរពីសហរដ្ឋអាមេរិក កាណាដា និងកន្លែងផ្សេងទៀត បានមកដល់ព្រលានយន្តហោះដ៏ធំបំផុតរបស់ប្រទេសក្នុងទីក្រុងស៊ីដនី។ អ្នកធ្វើដំណើរដែលមកដល់ត្រូវបានស្វាគមន៍ដោយមនុស្សម្នាក់ ក្នុងសំលៀកបំពាក់កង់ហ្គូរូ ហើយពួកគេមួយចំនួនមើលទៅសប្បាយចិត្តជាខ្លាំងដែលបានជួបជុំក្រុមគ្រួសារវិញ។

បុរសម្នាក់មកពីប្រទេសកាណាដាបាននិយាយថា គាត់នឹងអាចជួបឪពុកម្តាយរបស់គាត់ជាលើកដំបូង ចាប់តាំងពីគាត់បានទៅលេងគ្រួសារនៅប្រទេសអូស្ត្រាលីលើកចុងក្រោយ នៅមុនពេលចាប់ផ្តើមនៃជំងឺរាតត្បាត។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក Dan Tehan បានសម្តែងការជឿជាក់ថា ទីផ្សារទេសចរណ៍របស់ប្រទេសអូស្ត្រាលីនឹងងើបឡើងវិញ បន្ទាប់ពីការបើកទ្វារឡើងវិញនេះ។ កាលពីខែមីនា ឆ្នាំ២០២០ ប្រទេសអូស្ត្រាលីបានដាក់បម្រាមចេញចូលលើអ្នកដំណើរបរទេស ដើម្បីការពារការរីករាលដាលនៃ COVID-19។ ប៉ុន្តែក្រោយមកក៏បានបន្ធូរបន្ថយការរឹតត្បិតមួយចំនួន សម្រាប់ប្រជាជនមកពីប្រទេសមួយចំនួនរួមទាំងប្រទេសជប៉ុន និងកូរ៉េខាងត្បូង។ រដ្ឋអូស្ត្រាលីភាគច្រើនបានលុបចោលលក្ខខណ្ឌដែលតម្រូវឱ្យនៅដាច់ដោយឡែក សម្រាប់ភ្ញៀវដែលទទួលថ្នាំបង្ការពេញលេញរួចហើយ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






