ប្រទេសជប៉ុនកំពុងរៀបចំឱ្យមានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកុមារដែលមានអាយុចាប់ពី ៥ ទៅ ១១ឆ្នាំ
- BY
- autoadmin
- February 22, 2022
រដ្ឋាភិបាលជប៉ុននឹងចាប់ផ្តើមចែកចាយវ៉ាក់សាំងបង្ការជំងឺ COVID-19 នៅសប្តាហ៍នេះ ទៅតាមទីក្រុង និងកន្លែងវេជ្ជសាស្ត្រនានា ដើម្បីការចាក់វ៉ាក់សាំងបង្ការលើកុមារអាយុចន្លោះពី ៥ ទៅ ១១ឆ្នាំ។ ការចាក់វ៉ាក់សាំងសម្រាប់ក្រុមអាយុនោះ នឹងត្រូវដាក់បញ្ចូលជាផ្លូវការនៅក្នុងកម្មវិធីចាក់វ៉ាក់សាំងជាសាធារណៈនៅថ្ងៃចន្ទ ហើយរដ្ឋាភិបាលគ្រោងនឹងផ្តល់វ៉ាក់សាំងបង្ការ COVID-19 សរុបប្រមាណ ១២ លានដូស នៅទូទាំងប្រទេសរហូតដល់ខែឧសភា។ ក្រុមអាយុនេះនឹងទទួលបានកម្រិតដូស ១ ភាគ ៣ នៃកម្រិតដូសសម្រាប់មនុស្ស ដែលមានអាយុលើសពី ១២ឆ្នាំ ហើយពួកគេនឹងអាចចាក់ដូសទី២ នៅក្នុងចន្លោះពេល ៣ សប្ដាហ៍។

មិនដូចមនុស្សដែលមានអាយុពី ១២ឆ្នាំ ឬចាស់ជាងនេះទេ កុមារដែលមានអាយុពី ៥ ទៅ ១១ឆ្នាំ មិនតម្រូវឱ្យទទួលវ៉ាក់សាំងបង្ការ COVID-19 ជាដាច់ខាតនោះទេ ដោយសារមិនទាន់មានទិន្នន័យគ្រប់គ្រាន់ ដើម្បីផ្ទៀងផ្ទាត់ប្រសិទ្ធភាពរបស់វាប្រឆាំងនឹងវ៉ារ្យ៉ង់អូមីក្រុង។ ការយល់ព្រមពីមាតាបិតាក៏នឹងត្រូវបានទាមទារផងដែរ ដើម្បីឱ្យកុមារនៅក្នុងក្រុមអាយុនោះត្រូវបានទទួលការវ៉ាក់សាំងបង្ការ។ ក្រសួងសុខាភិបាលកំពុងអំពាវនាវឱ្យឪពុកម្តាយពិភាក្សាឱ្យបានហ្មត់ចត់ជាមួយកូនៗ ក៏ដូចជាពិគ្រោះជាមួយវេជ្ជបណ្ឌិតនៅផ្ទះ មុនពេលធ្វើការសម្រេចចិត្តណាមួយ។ ក្រសួងជំរុញឱ្យកុមារដែលមានបញ្ហាផ្លូវដង្ហើម និងសុខភាពមូលដ្ឋានផ្សេងទៀត ចាក់វ៉ាក់សាំង ព្រោះពួកគេមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរនៃជំងឺកូវីដ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






