អន្តរជាតិ

តម្លៃសាំងឡើងលឿនខ្លាំងពេក ពលរដ្ឋវៀតណាមនាំគ្នាសម្រុកទៅទិញសាំងទុកមុនឡើងថ្លៃរហូតតាមការ៉ាស់សាំងអស់សាំងលក់

BY
autoadmin
February 22, 2022

វៀតណាម៖ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ បញ្ហាប្រេងឡើងថ្លៃលឿនពេក បានធ្វើឱ្យអ្នកលក់សាំងមួយចំនួននៅក្នុងទីក្រុងហូជីមិញ របស់ប្រទេសវៀតណាម ត្រូវលើកបដាដាក់ថា «អស់សាំង» បើទោះបីជាហ្គារ៉ាស់សាំង ឬកន្លែងលក់របស់ពួកគេនៅមានសាំងពេញក៏ដោយ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Tuoitre News ។ ពលរដ្ឋជាច្រើនមានការមិនពេញចិត្តចំពោះទង្វើនេះឡើយ ដោយសារមានអ្នកខ្លះបានខកខានមិនអាចដឹកទំនិញទៅលក់បាន ហើយវាបានធ្វើឱ្យមានការប៉ះពាល់ដល់ការធ្វើដំណើរជារួម។ មានពលរដ្ឋខ្លះបានយកពីដុងតាមខ្លួន ដើម្បីស្វែងរកកន្លែងទិញសាំង ខណៈដែលអ្នកលក់សាំងទាំងនោះបានត្រឹមតែនិយាយថាអស់សាំង និងប្រាប់ឱ្យពួកគេមកថ្ងៃនេះ ឬថ្ងៃនោះជាដើម។

ពលរដ្ឋខ្លះក៏បានថតសកម្មភាពអ្នកលក់សាំងទាំងនោះ ប៉ុន្តែម្ចាស់ហ្គារ៉ាស់សាំងខ្លះ បានស្ទុះ​ចេញ​ទៅ​គំរាម​ហាម​មិនឱ្យ​ថត​ស្ថានីយ​ប្រេង​របស់ពួកគេឡើយ។ បើតាមសម្ដីរបស់អ្នកលក់សាំងបាននិយាយថា តម្លៃសាំងសព្វថ្ងៃនៅមិនទាន់ឡើងថ្លៃខ្លាំងផង ហើយបើអ្នកលក់តូចៗដូចជាពួកគេនៅបន្ដលក់ថោក ស្របពេលដែលតម្លៃប្រេងកំពុងឡើងថ្លៃបែបនេះ វានឹងធ្វើឱ្យពួកគេមានការខាតបង់ខ្លាំង។ អ្នកលក់សាំងខ្លះបាននិយាយថា ពលរដ្ឋបានសម្រុកទៅទិញសាំងច្រើនជាងធម្មតា ដែលធ្វើឱ្យហ្គារ៉ាស់សាំងត្រូវអស់សាំងមុនកាលកំណត់ ហើយពួកគេក៏លើកបដាថា «អស់សាំង» តែម្ដងទៅ។ ជម្រាបដែរថា ពលរដ្ឋសម្រុកទៅទិញសាំងឱ្យបានមុនពេលការប្រកាសពីការព្យាករណ៍តម្លៃសាំង ដែលមានន័យថា ពួកគេបានសម្រុកទៅទិញមុនពេលសាំងកាន់តែថ្លៃជាងនេះ។

ជាក់ស្ដែង ប្រេងឆៅបានឡើងថ្លៃដល់ជិត ១០០ ដុល្លារ ក្នុងមួយបារ៉ែល ដែលវានឹងអាចធ្វើឱ្យតម្លៃសាំងឡើងប្រមាណ ១,០០០ ដុង ឬជិត ២០០ រៀល នៅក្នុងមួយលីត្រ។ ចំណែកបញ្ហាដែលអ្នកស្រុកបានចោទប្រកាន់ទៅអ្នកលក់សាំង ដែលថាបានដាក់បដា «អស់សាំង» ទាំងដែលនៅមានសាំងនោះ ក៏ត្រូវបានមន្ត្រីពាក់ព័ន្ធចុះទៅត្រួតពិនិត្យផងដែរ ហើយជាលទ្ធផលគឺមានកន្លែងមួយចំនួនពិតជាអស់សាំងលក់ពិតមែន៕

អត្ថបទ៖ លីដា
ប្រភព៖ Tuoitre News

Share This Post: