ប្រទេសអូស្រ្តាលីព្រមានពីជំងឺអុតស្វាយ ដែលមានការចម្លងរាតត្បាតលឿនជាងជំងឺកូវីដ១៩ទៅទៀត
- BY
- autoadmin
- February 24, 2022
ជំងឺអុតស្វាយគឺជាជំងឺឆ្លងមួយក្នុងចំណោមជំងឺឆ្លងសំខាន់ៗ ដែលរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសអូស្ត្រាលី បើទោះបីជានៅក្នុងអំឡុងការបិទខ្ទប់ទប់ស្កាត់ជំងឺ COVID-19 ក៏ដោយ។ ជាក់ស្ដែងករណីជាង ១០,០០០ ករណី ទាក់ទងនឹងវីរុស varicella-zoster ដែលជាវីរុសទទួលខុសត្រូវចំពោះជំងឺអុតស្វាយ ត្រូវបានរាយការណ៍នៅក្នុងរដ្ឋ Queensland កាលពីឆ្នាំមុន ជាមួយនឹងចំនួនស្រដៀងគ្នាដែលបានរាយការណ៍នៅឆ្នាំ២០២០។ ជំងឺនេះជាធម្មតាបណ្តាលឱ្យមានការរមាស់ ឡើងកន្ទួលលើស្បែក និងគ្រុនក្តៅស្រាលៗសម្រាប់កុមារ ប៉ុន្តែវាអាចធ្ងន់ធ្ងរជាងនេះសម្រាប់មនុស្សពេញវ័យ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ ជំងឺនេះអាចបំបែងខ្លួនបាន ១៣ដង ដែលមានន័យថា ក្នុងអ្នកជំងឺម្នាក់គឺអាចចម្លងទៅមនុស្សជាង ១០ នាក់ ផ្សេងទៀតបាន។

លោកស្រី Clare Walker គ្រូពេទ្យ និងជាលេខាធិការនៃសមាគមគ្រូពេទ្យជនបទនៃរដ្ឋ Queensland បានផ្តល់អនុសាសន៍ឱ្យពលរដ្ឋ ទៅពិនិត្យមើលស្ថានភាពនៃការចាក់វ៉ាក់សាំងរបស់ពួកគេសម្រាប់ជំងឺអុតស្វាយ។ គាត់បានប្រាប់ ABC ថា ជំងឺនេះបាននៅជាមួយមនុស្សយូរមកហើយ វានឹងនៅជាមួយយើងបន្ដទៀត ហើយវាមិនមែនជាជំងឺដែលយើងអាចកម្ចាត់បានអស់នោះទេ។ ប្រសិនបើក្នុងករណីធ្ងន់ធ្ងរ ជំងឺអុតស្វាយ អាចបណ្តាលឱ្យមានស្លាកស្នាម រលាកសួត ខូចខួរក្បាល និងរហូតដល់ស្លាប់។ ដូច្នេះពលរដ្ឋគួរតែតាមដានប្រវត្តិសុខភាព និងពិគ្រោះជាមួយគ្រូពេទ្យរបស់ពួកគេ។ ម្យ៉ាងទៀត មេរោគនៃជំងឺអុតស្វាយនឹងស្ថិតនៅក្នុងខ្លួនរបស់យើង បន្ទាប់ពីវាត្រូវបានឆ្លងដំបូង មេរោគនេះនឹងអាចត្រឡប់មកពេលក្រោយម្ដងទៀត ក្នុងទម្រង់នៃជំងឺរើម ដែលមេរោគបណ្តាលឱ្យមានកន្ទួលឈឺចាប់៕

អត្ថបទ៖ លីដា
ប្រភព៖ Daily Mail
- Share This Post:






