ប្រទេសចិននិយាយថា ខ្លួនកំពុងឃ្លាំមើលយ៉ាងដិតដល់លើស្ថានការណ៍នៅប្រទេសអ៊ុយក្រែន បន្ទាប់ពីមានការវាយប្រហារតាមអាកាសពីភាគីរុស្សី
- BY
- autoadmin
- February 24, 2022
ប្រទេសចិននៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានអំពាវនាវឱ្យមានការអត់ធ្មត់លើគ្រប់ភាគី បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យមានការវាយប្រហារលើប្រទេសអ៊ុយក្រែន ខណៈបាននិយាយថា ប្រតិបត្តិការយោធាមិនគួរត្រូវបានពិពណ៌នាថាជា «ការឈ្លានពាន» នោះឡើយ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying (វ៉ា ឈួនយីង) នៅក្នុងសន្និសីទសារព័ត៌មានមួយ បាននិយាយថា៖«ប្រទេសចិនកំពុងឃ្លាំមើលយ៉ាងដិតដល់នូវស្ថានភាពថ្មីចុងក្រោយនេះ ហើយយើងសូមអំពាវនាវឱ្យភាគីទាំងអស់រក្សាការអត់ធ្មត់ »។

ទីក្រុងប៉េកាំងបានដើរលើខ្សែបន្ទាត់ប្រុងប្រយ័ត្នមួយ ចំពោះស្ថានភាពនៅអ៊ុយក្រែន ខណៈដែលទីក្រុងម៉ូស្គូបានប្រមូលផ្តុំកងទ័ពរាប់ពាន់នាក់នៅតាមព្រំដែន ហើយបានរិះគន់លោកខាងលិចចំពោះការដាក់ទណ្ឌកម្មថ្មីមកលើរុស្សី។ ពោលគឺលោកស្រី វ៉ា កាលពីថ្ងៃព្រហស្បតិ៍ បានបដិសេធមិនហៅសកម្មភាពយោធានេះថា «ជាការឈ្លានពាន» ហើយបានគេចពីសំណួរថា តើប្រទេសចិនមានទំនាក់ទំនងជាមួយមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែនដែរ ឬទេ។ លោកស្រី វ៉ា បានប្រាប់អ្នកយកព័ត៌មានថា៖«បញ្ហាអ៊ុយក្រែនមានប្រវត្តិប្រវត្តិសាស្ត្រដ៏ស្មុគស្មាញ» ហើយជាលទ្ធផលនៃកត្តាផ្សេងៗទៀត។
ប្រទេសចិនបានស្តីបន្ទោសសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ សម្រាប់ការ «បំផុសបំផុល» វិបត្តិដែលកំពុងប្រឈម ដោយលោកស្រី វ៉ា បាននិយាយនៅក្នុងសន្និសីទខ្លីមួយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកកំពុង «បន្ថែមប្រេងដល់ភ្លើងដែលកំពុងឆេះ»។ ទន្ទឹមនឹងនេះដែរ ស្ថានទូតចិននៅអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ ក៏បានព្រមានពលរដ្ឋរបស់ខ្លួនឱ្យប្រុងប្រយ័ត្នចំពោះ «ការរំខានធ្ងន់ធ្ងរ» និងប្រាប់ឱ្យពួកគេស្នាក់នៅផ្ទះឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






