អន្តរជាតិ

ប្រទេសជប៉ុនត្រៀមបញ្ចេញប្រេងបម្រុងរបស់ខ្លួន ខណៈតម្លៃប្រេងឆៅនៅតែបន្តកើនឡើងតម្លៃ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន

BY
autoadmin
February 25, 2022

មន្ត្រីរដ្ឋាភិបាលជប៉ុនបានបង្ហាញពីឆន្ទៈក្នុងការចូលរួមជាមួយប្រទេសផ្សេងទៀត ក្នុងការបញ្ចេញប្រេងបម្រុងរបស់ខ្លួន ហើយវានឹងកើតឡើងទៅបាន ប្រសិនបើទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) អំពាវនាវឱ្យមានការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីធានាការផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់ ខណៈដែលតម្លៃប្រេងឆៅនៅតែបន្តកើនឡើងតម្លៃបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ សន្ទស្សន៍តម្លៃប្រេងឆៅ WTI នៅថ្ងៃព្រហស្បតិ៍បានលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល នៅទីក្រុងញូវយ៉ក ជាលើកដំបូងក្នុងរយៈពេល ៧ ឆ្នាំ ៧ខែ ចុងក្រោយនេះ។

ក្រសួង​ការ​បរទេស​ជប៉ុន​ក៏បាន​ប្រកាស​ពី​ផែនការ​របស់​ខ្លួន​ក្នុង​ការ​ជួយ​រក្សា​ស្ថិរភាព​ទីផ្សារ​ថាមពល ប៉ុន្តែ​មន្ត្រី​បាន​និយាយ​ថា IEA នៅ​មិន​ទាន់​សុំ​ឱ្យ​មាន​ការ​បញ្ចេញ​ប្រេង​បម្រុង​នៅ​ឡើយ​ទេ។ ការងាររបស់ទីភ្នាក់ងារ IEA គឺធានាសុវត្ថិភាពថាមពល ហើយខ្លួនបានទាមទារឱ្យរដ្ឋជាសមាជិករក្សាស្តុកប្រេង។ IEA នឹងដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចេញប្រេងបន្ថែម ប្រសិនបើជម្លោះប្រដាប់អាវុធ ឬគ្រោះមហន្តរាយធម្មជាតិ បង្កើនលទ្ធភាពនៃការខ្វះខាតប្រេងឆៅជាសកល។ IEA បានដើរតួនាទីសំខាន់ ៣ដង កាលពីពេលកន្លងមក ដោយមានពេលមួយក្នុងអំឡុងវិបត្តិឆ្នាំ២០១១ នៅប្រទេសលីប៊ី ដែលជាប្រទេសផលិតប្រេង៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: