អន្តរជាតិ

លោក វ្ល៉ាឌីមៀ ពូទីន ព្រមានប្រទេសលោកខាងលិច មិនឱ្យលូកដៃជួយអ៊ុយក្រែនឡើយ បើមិនដូច្នោះទេ ពួកគេនឹងជួបបញ្ហាធ្ងន់ធ្ងរមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ

BY
autoadmin
February 25, 2022

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចេញការគំរាមកំហែងដល់បណ្តាប្រទេសលោកខាងលិច កាលពីព្រឹកថ្ងៃព្រហស្បតិ៍  ដោយនិយាយថា ពួកគេនឹងប្រឈមមុខនឹងផលវិបាកធំជាងអ្វីទាំងអស់ដែលអ្នកបានជួបប្រទះក្នុងប្រវត្តិសាស្ត្រ ប្រសិនបើពួកគេលូកដៃជួយប្រទេសអ៊ុយក្រែន។ គាត់បានធ្វើការកត់សម្គាល់នេះនៅក្នុងសុន្ទរកថាមួយ ដែលបានចាក់ផ្សាយកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងម៉ូស្គូ នៅអំឡុងពេលដែលគាត់បានប្រកាសពីការវាយប្រហាររបស់រុស្ស៊ី។ លោក ពូទីន បានប្រើអំណះអំណាងជាច្រើនគាំទ្រការវាយប្រហាររបស់ខ្លួន ហើយលោកបានចាត់ទុកវាថាជាសកម្មភាពការពារខ្លួន ប្រឆាំងនឹងការពង្រីកទៅទិសខាងកើតរបស់អង្គការណាតូ និងជាមធ្យោបាយការពារប្រជាជនអ៊ុយក្រែនពី «ការបំភិតបំភ័យ» និង «អំពើប្រល័យពូជសាសន៍»។

យ៉ាងណា ការលើកឡើង​របស់លោក ពូទីន ត្រូវ​បាន​មេដឹកនាំ​លោក​ខាង​លិច​បដិសេធ​ទាំងអស់ ដោយសារវាមិនមានភស្តុតាងនៃអំពើប្រល័យពូជសាសន៍កើតឡើងនៅអ៊ុយក្រែនទេ។ ជម្រាបដែរថាលោក ពូទីន នៅដើមសប្តាហ៍នេះ ក៏បានបញ្ជាឱ្យកងទ័ពចូលទៅក្នុងតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន គឺតំបន់ Donetsk និង Luhansk ដែលកាន់កាប់ដោយកងកម្លាំងបំបែកខ្លួននៅទីនោះ។ ការ​វាយ​ប្រហារ​ថ្មី​ៗរបស់រុស្ស៊ី ក្រោយមកទៀតក៏​បាន​ធ្វើ​ឱ្យ​ជម្លោះ​ក្លាយ​ទៅ​ជា​សង្គ្រាម។

ក្នុង​សុន្ទរកថា​ដដែលនោះ លោក ពូទីន ​បាន​ថ្លែង​ទៅកាន់​មេដឹកនាំ​ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​ការ​ឈ្លានពានរបស់រុស្ស៊ី ដោយបាននិយាយថា៖«ចំពោះនរណាម្នាក់ដែលនឹងពិចារណាការចង់លូកដៃពីខាងក្រៅ៖ ប្រសិនបើអ្នកធ្វើ អ្នកនឹងប្រឈមមុខនឹងផលវិបាកធំជាងអ្វីដែលអ្នកបានជួបប្រទះនៅក្នុងប្រវត្តិសាស្ត្រ។ ការសម្រេចចិត្តពាក់ព័ន្ធទាំងអស់ត្រូវបានធ្វើឡើង។ ខ្ញុំសង្ឃឹមថាអ្នកស្តាប់ខ្ញុំ»។ លោកបានបន្ថែមថា រុស្សីសព្វថ្ងៃ​ជា​មហា​អំណាច​នុយក្លេអ៊ែរ​ដ៏​មាន​ឥទ្ធិពល​បំផុត​ នេះបើតាមការបកប្រែដោយ Politico ៕

អត្ថបទ៖ លីដា
ប្រភព៖ Business Insider

Share This Post: