អន្តរជាតិ

ប្រទេសចិន​នឹងមិន​ចូលដៃ​ថ្កោលទោស​រុស្ស៊ី​ឡើយ បើ​ទោះ​បី​ជា​មាន​ការ​វាយ​ប្រហារ​អ៊ុយក្រែន​កាន់​តែ​ខ្លាំងក៏ដោយ

BY
autoadmin
February 26, 2022

ប្រទេសចិនកាលពីថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានស្ទាក់ស្ទើរលើការបដិសេធមិនហៅសកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែនថាជា «ការឈ្លានពាន» ឬរិះគន់ទីក្រុងមូស្គូ ទោះបីជាមានការវាយលុកកាន់តែខ្លាំងពីយោធារុស្ស៊ីនៅក្នុងប្រទេសអឺរ៉ុបខាងកើត ដែលនាំឱ្យមានការស្លាប់ និងរបួសកើនឡើងក៏ដោយ។ ប្រទេសចិនបានរំលឹកឡើងវិញថា ខ្លួនជឿជាក់លើការគោរពបូរណភាពទឹកដីនៃប្រទេសទាំងអស់ ប៉ុន្តែបាននិយាយថា ខ្លួនមើលឃើញបញ្ហាអ៊ុយក្រែនថា មានប្រវត្តិស្មុគស្មាញ និងមានភាពពិសេសផ្ទាល់ខ្លួន នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសរបស់ប្រទេសចិនលោក Wang Wenbin។

លោក Wang ក៏បានវាយបកប្រឆាំងនឹងការអត្ថាធិប្បាយរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន ដែលថា ប្រទេសណាដែលគាំទ្រការឈ្លានពានរបស់រុស្ស៊ីនឹងត្រូវបាន «ជ្រោមជ្រែងដោយសមាគម» ដោយនិយាយថា អ្នកខាងក្រៅទៅវិញទេដែលជ្រៀតជ្រែកក្នុងកិច្ចការក្នុងស្រុករបស់អ្នកដទៃ។ ជម្រាបដែរថា សហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន កាណាដា អូស្ត្រាលី និងសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មបន្ថែមលើទីក្រុងមូស្គូ លើការដាក់ទណ្ឌកម្មនៅដើមសប្តាហ៍នេះ រួមទាំងចំណាត់ការរបស់អាល្លឺម៉ង់ ដើម្បីបញ្ឈប់បំពង់បង្ហូរឧស្ម័នតម្លៃ ១១ ពាន់លានដុល្លារពីរុស្ស៊ី។

នៅពេលសួរថា តើប្រទេសចិនបានត្រៀមខ្លួនក្នុងការបង្កើនការទិញប្រេងពីរុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបឬយ៉ាងណានោះ លោក Wang បាននិយាយថា៖«ទណ្ឌកម្មមិនធ្លាប់ជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហានោះទេ។ យើងសង្ឃឹមថា ភាគីពាក់ព័ន្ធអាចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាតាមរយៈការសន្ទនា និង ការពិគ្រោះយោបល់»៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: